

នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន២ខ្សែ ប្រវែង ២.៥៧៦ម ទទឹង ៨ម កម្រាស់ ០,១៥ម ផ្ទៃក្រឡាសរុប ២០.៦០៨ម៉ែត្រក្រឡា ដែលជាគម្រោងប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០១៩ នៅសង្កាត់បាវិត ក្រុងបាវិត។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុងបាវិត លោកនាយករដ្ឋបាលសាលាក្រុង ប្រធានការិយាល័យនានាចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យនានាជុំវិញក្រុង ចៅសង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់។
មានប្រសាសន៍ក្នុងឱកាសនោះលោក សុខ រស់ អភិបាលរងខេត្ត បានបញ្ជាក់ជូនថា ការស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ នៅថ្ងៃនេះ គឺជាគម្រោងដែលឯកឧត្ដមអភិបាលខេត្តបានសម្រេចបង្វែរកញ្ចប់ថវិកាគុណប្រយោជន៍ខេត្តសម្រាប់ផ្ដល់ជូនក្រុងបាវិត ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឲ្យបានកាន់តែល្អប្រសើរ បង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក្នុងគោលដៅជំរុញការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុង ដែលមានចក្ខុវិស័យកសាងក្រុងបាវិតឲ្យក្លាយជាទីក្រុងគួរឲ្យចង់រស់នៅ ហើយនេះមិនមែនជាគម្រោងគាំទ្រទី១នោះទេ និងមានគម្រោងជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។
ទន្ទឹមនេះលោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមហ៊ុនដែលទទួលបន្ទុកស្ថាបនាផ្លូវនេះ ត្រូវសាង់សង់ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព ធានាការប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវនេះ ចូលរួមសហការដើម្បីឲ្យគម្រោងនេះអនុវត្តបានដោយរលូន និងសម្រេចលទ្ធផលជោគជ័យតាមការគ្រោងទុក៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង






