ព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ ។
លោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីស្ថានភាពអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដែលជាគម្រោងការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ មានប្រវែង ២៦,៥៩៧គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ក្នុងនោះមានដូចជា អូរប្រឡាយអូរឈើទាល មានអូរតូច ៥ផ្សេងទៀត ប្រវែងសរុប ១៦.៦៣០ម៉ែត្រ , អូរ ប្រឡាយ អូរអេម៉ារីយូ មានប្រវែង ១.៩០០ម៉ែត្រ , អូរ ប្រឡាយ អូរសំអាត ប្រវែង ៣.៧៧៥ម៉ែត្រ , អូរ ប្រឡាយស្ពានឆេះ ប្រវែង ១.១៧០ម៉ែត្រ, អូរ ប្រឡាយ អណ្តូងអ៊ុនតាក់ ប្រវែង ៣.១១៦ម៉ែត្រ ដើម្បីធ្វើការស្តារ រំដោះយកចំណីអូរ ប្រឡាយមកវិញ។ ការរំលោភបំពានដីចំណីអូរ ប្រឡាយ ជាមូលហេតុចំបងបណ្តាលឱ្យមានការកកស្ទះទឹកលិចលង់នៅរដូវវស្សា ព្រោះដោយសារមានការសាងសង់សំណង់ខុសច្បាប់រំលោភយកដីចំណីប្រឡាយ អូរទាំង ៥ខ្សែ។ ក្នុងចំណោមអូរ ប្រឡាយទាំង ៥ខ្សែខាងលើ និងមានប្រឡាយតូចៗជាច្រើនខ្សែផ្សេងទៀត ដែលមានទទឹងចាប់ពី ៣ម៉ែត្រ និងកន្លែងខ្លះទៀត មានទទឹងរហូតដល់ទៅជាង ៦០ម៉ែត្រ តាមនិយាមការប្លង់សុរិយោដី ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ក៍ដូចជាមន្ទីរដែនដី ត្រូវសហការគ្នា រៀបចំបោះបង្គោលកំណត់និយាមការទីតាំងអូរ ប្រឡាយទាំង ៥ខ្សែ ដើម្បីឱ្យក្រុមការងារចុះការស្តារអូរ ប្រឡាយ មានភាពងាយស្រួល ពិសេសអាជ្ញាធរក្រុង ចូលរួមសហការ ចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពលរដ្ឋរុះរើសំណង់ទាំងឡាយណាដែលប៉ះពាល់ការងារស្តារអូរប្រឡាយរបស់យើង និងងាយស្រួលដល់ក្រុមការងារដាក់គ្រឿងចក្រចុះកាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថាយើងកំពុងមានការមមាញឹកក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ដូច្នេះប្រព័ន្ធអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ ក៍ត្រូវធ្វើការស្តារឡើងវិញជាមួយគ្នា ដើម្បីចញ្ចៀសនូវជំនន់ទឹកភ្លៀងកុំឱ្យជន់លិចក្នុងរដូវវស្សា នៅឆ្នាំ២០២០ខាងមុខ។
សូមបញ្ជាក់ថា ការស្តាអូរ ប្រឡាយទាំង ៥ខ្សែខាងលើ គ្រោងនឹងបើកការ ដ្ឋាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ