ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធគ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ដើម្បីរួមគ្នាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ។
ឯកឧត្តមមានប្រសាសន៍ដូចនេះ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តកំពង់ស្ពឺ និងនាយករដ្ឋបាលខេត្ត ដែលតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី។ ឯកឧត្តម ក៏បានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្ត និងលោកនាយករដ្ឋបាលខេត្ត ដែលទើបទទួលការតែងតាំងមុខតំណែងថ្មីត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពង់ស្ពឺទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ជាពិសេស ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាខេត្តបានយ៉ាងល្អប្រសើរផងដែរ៕គឹមអាន
ប្រភព៖រដ្ឋបាលខេត្តកំពង់ស្ពឺ