logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ មកមន្ទីរអង្គភាពចំនួន ១០ សរុបចំនួន៤៥រូបជាផ្លូវការ
67
20-Feb-2024
Sub-nation news
Link

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ មកមន្ទីរអង្គភាពចំនួន ១០ សរុបចំនួន ៤៥រូប ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចានឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

បន្ទាប់ពីលោក ញ៉ូវ គង្គា នាយកទីចាត់ការបុគ្គលិក នៃរដ្ឋបាលខេត្ត បានអានដីកាតែងតាំង និងតំណាងមន្ត្រីរាជការដែលទើបទទួលបានមុខតំណែងថ្មីធ្វើការប្តេជ្ញាចិត្តរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់មន្ត្រីរាជការ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ចក្នុងការបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងាររបស់រដ្ឋបាលខេត្ត កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ”ដោយស្មារតីឯករាជ្យ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួងស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍សម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបន្តអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយបានជំរុញអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការកែលម្អសោភ័ណភាពខេត្តយ៉ាងស្រស់បំព្រងផងដែរ ៕

ប្រភព៖រដ្ឋបាលខេត្តបៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior