ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក-សមាជិកា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ចំនួន ១៦នាក់ និងកុមារកំព្រាចំនួន ១១៤នាក់ នៅសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។
ថ្លែងក្នុងពិពីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តីអាណិតស្រឡាញ់ពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះកុមារកំព្រា បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ នៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ទាំងមូលផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងគោលបំណងជួយសម្រួលដល់ការរស់នៅ និងចិញ្ចឹមបីបាច់ថែរក្សា កុមារកំព្រា កុមារដែលត្រូវឪពុកម្ដាយបោះបងចោល ឬក្មេងដែលក្រីក្រជាដើម ឯកឧត្តម បានជួយឧបត្ថម្ភដល់សមាគមនេះក្នុងមួយឆ្នាំ ២ដង ហើយនេះគឺជាលើកទី២ ហើយ ដែលឯកឧត្តម បានជួយឧបត្ថម្ភដល់សមាគមនេះ ក្នុងឆ្នាំ២០២៣។
ឯកឧត្តម បានកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀននៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ទាំងអស់ ដែលបានខិតខំបីបាច់ថែរក្សាកុមារកំព្រា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលធ្វើឱ្យការរស់របស់កុមារ ទាំងអស់នោះ កាន់តែប្រសើរឡើង ទទួលបានការសិក្សា និងចំណេះដឹង ជាពិសេសធ្វើឱ្យកុមារទាំងនោះ មានសង្ឃឹមក្នុងការរស់នៅក្នុងសង្គមផងដែរ។
សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភដល់សមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ រួមមាន៖ អង្ករ ១០០០គីឡូក្រាម, មី ២០កេស, ត្រីខកំប៉ុង ១កេស, ទឹកត្រី ២០យួរ, ទឹកសុទ្ធ ២០កេស, ទឹកផ្លែឈើ ៥កេស ,ទឹកដោះគោខាប់ ១កេស និងថវិកាមួយចំនួនទៀត៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល