មណ្ឌលគិរី៖ នៅថ្ងៃសុក្រទី១០ ខែមករា ឆ្នាំ២០២៥ គណ:ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាប្រធានគណ:ប្រតិភូ និងប្រតិភូអមដំណើរបានដឹកនាំគណ:ប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆមាសទី១ ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) ជាមួយស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ សាធារណរដ្ឋសង្គមនិយម(វៀតណាម)។
ភាគី(កម្ពុជា)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំង លោក លោកស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣០៣ លោកអធិការអធិការរង ព្រមទាំងសមាជិគប្រតិភូអមដំណើរជាច្រើនរូបទៀត។
ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ស្នងការនគរបាល ខេត្តដាក់ឡាក់ សាធារណរដ្ឋសង្គមនិយមវៀតណាម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកបានលើកសំណូមពរសុំឱ្យខាងភាគីវៀតណាម បន្តជួយសហការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនចេញចូលខុសច្បាប់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម សុំឱ្យខាងភាគីវៀតណាមបន្តសហការគ្នាបន្ថែមទៀតបង្ការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់។
ភាគីវៀតណាមក៏បានឯកភាពលើរបាយការណ៍ប្រជុំនិងបានព្រមព្រៀងសហការគ្នារួមគ្នាទប់ស្កាត់លុបបំបាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងភាគីទាំងពីរ។
មុននិងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុលើកិច្ចព្រមព្រៀងនិងបានចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តំបន់ព្រំដែន ប្រចាំឆមាសទី២ឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងបានជូនកាដូរ អនុស្សាវរីយ៍ទៅវិញទៅមករវាងភាគីទាំងពីរ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ក្នុងភាពស្និទិ្ធស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ឆ្លៀតពេលវេលាដ៏មានតម្លៃនាពេលនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តពេលវិលត្រឡប់មកវិញ ក៏បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនទៅដល់មន្ត្រីនគរបាលដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-វៀតណាម)ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំងពីរ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី