

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញ និងមន្ត្រីគយនៅតាមតំបន់ព្រំដែន ត្រូវយកចិត្តទុកដាក់សម្របសម្រួល ដល់ភាពងាយស្រួល ក្នុងការដឹកកសិផលកសិកម្ម ពិសេសស្រូវឱ្យបានកាន់តែច្រើន នៅតាមផ្លូវជាតិលេខ 21b ធ្វើយ៉ាងណាកុំឱ្យតម្លៃដឹកជញ្ជូនមានតម្លៃថ្លៃ ធ្វើឱ្យប៉ះពាល់តម្លៃកសិផលរបស់ប្រជាកសិកររបស់យើង។ ការណែនាំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១១ ភូមិ សរុបចំនួន ៨០៣០ បណ្ណ ស្ថិតនៅភូមិក្បាលកោះ ភូមិឈើខ្មៅ ភូមិចុងកោះ ភូមិត្រពាំងជ្រៃ ភូមិត្រើយកោះ ភូមិក្បាលជ្រោយ ភូមិកោះតូច ភូមិចុងខ្សាច់ ភូមិធំភូមិថ្មី ភូមិទួលស្វាយ សង្កាត់ឈើខ្មៅ ខេត្តកណ្តាល នៅបរិវេណវត្តត្រពាំងជ្រៃ។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានបញ្ជក់បន្ថែមថា ការសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ គឺពិតជាបានរួមចំណែកក្នុងការលើកស្ទួយតម្លៃកសិផលរបស់ប្រជាកសិករ នៅក្នុងខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសដែលឆ្លងកាត់នៅតាមតំបន់នេះ។
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល


