ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៣ឆ្នាំ (២០២៦-២០២៨) និងផែនការថវិកា ឆ្នាំ២០២៦ នៅសាលរតនគីរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា របស់ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ទូច សម្បត្តិ អនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានអានរបាយការណ៍ពីផែនការប្រចាំឆ្នាំ ជូនអង្គប្រជុំជ្រាប ។
យោងតាមរបាយការណ៍ នៃការធ្វើបទបង្ហាញខាងលើ ឯកឧត្តម រដ្ឋលេខាធិការ បានយល់ស្រប និងឯកភាពទាំងស្រុងទៅលើផែនការដែលបានលើកឡើងខាងលើ គឺត្រូវអនុវត្តន៍ទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើវិស័យអាទិភាព ទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ហើយស្របទៅតាមផែនការថ្នាក់ជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៣-២០២៨។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ