

ខេត្តសៀមរាប៖ លោក លី សារី អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព និងយុវជនគ្រប់អាយុ ១៥ឆ្នាំឡើងទៅ ឬសល់សុពលភាព១៨០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណថ្មី ដោយឥតគិតថ្លៃនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត និងតាមរយៈការចុះផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចល័ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ការលើកឡើងយ៉ាងដូច្នេះនាឱកាសដែលលោកអភិបាលរងខេត្ត អញ្ជើញចុះពិនិត្យការបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។
លោក លី សារី បានលើកឡើងថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាឯកសារផ្លូវការមួយ សម្រាប់បញ្ជាក់អំពី អត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ជាតិខ្មែរនឹងត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ សម្រាប់កំណត់អត្តសញ្ញាណបុគ្គលដែលមានសញ្ជាតិជាខ្មែរ ដើម្បីធានាការចូលរួមអនុវត្តសិទ្ធ និងកាតព្វកិច្ច ជាប្រជាពលរដ្ឋខ្មែរស្របតាមច្បាប់ សម្រាប់ការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជីយានយន្ត ធ្វើលិខិតឆ្លងដែន បម្រើការងារបោះឆ្នោត ការប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀត។
លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវភ្ជាប់ឯកសារយោងរួមមាន សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត, សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ។ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែម រួមមាន ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ ។ ករណីលាចាកសិក្ខាបទសាមីខ្លួន ត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមានរូបថត និង អាសយដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថា ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់អត្ត-សញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬ មានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទបន្តសុពលភាពឡើងវិញដោយតម្រូវភ្ជាប់ឯកសារយោងសម្រាប់ស្នើសុំ រួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពច្បាប់ដើម ក្នុងករណីផ្លាស់ប្តូរអាសយដ្ឋាន សូមភ្ជាប់ឯកសារ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងបញ្ជាក់នីត្យានុកូលកម្ម ឬលិខិតបញ្ជាក់ទីលំនៅ ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប









