logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណអស់សុពលភាព គ្រប់អាយុ ឬសល់សុពលភាព១៨០ថ្ងៃមកបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណឱ្យបានគ្រប់គ្នា
80
08-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ លោក លី សារី អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព និងយុវជនគ្រប់អាយុ ១៥ឆ្នាំឡើងទៅ ឬសល់សុពលភាព១៨០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណថ្មី ដោយឥតគិតថ្លៃនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត និងតាមរយៈការចុះផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចល័ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។


ការលើកឡើងយ៉ាងដូច្នេះនាឱកាសដែលលោកអភិបាលរងខេត្ត អញ្ជើញចុះពិនិត្យការបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។


លោក លី សារី បានលើកឡើងថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាឯកសារផ្លូវការមួយ សម្រាប់បញ្ជាក់អំពី អត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ជាតិខ្មែរនឹងត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ សម្រាប់កំណត់អត្តសញ្ញាណបុគ្គលដែលមានសញ្ជាតិជាខ្មែរ ដើម្បីធានាការចូលរួមអនុវត្តសិទ្ធ និងកាតព្វកិច្ច ជាប្រជាពលរដ្ឋខ្មែរស្របតាមច្បាប់ សម្រាប់ការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជីយានយន្ត ធ្វើលិខិតឆ្លងដែន បម្រើការងារបោះឆ្នោត ការប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀត។


លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ  សាមីខ្លួនត្រូវភ្ជាប់ឯកសារយោងរួមមាន សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត, សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ។ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែម រួមមាន ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ ។ ករណីលាចាកសិក្ខាបទសាមីខ្លួន ត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមានរូបថត និង អាសយដ្ឋាន។ 

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថា ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់អត្ត-សញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬ មានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទបន្តសុពលភាពឡើងវិញដោយតម្រូវភ្ជាប់ឯកសារយោងសម្រាប់ស្នើសុំ រួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពច្បាប់ដើម ក្នុងករណីផ្លាស់ប្តូរអាសយដ្ឋាន សូមភ្ជាប់ឯកសារ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ  និងបញ្ជាក់នីត្យានុកូលកម្ម  ឬលិខិតបញ្ជាក់ទីលំនៅ ៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ