រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគារ ដែលមានទីតាំងនៅអមសងខាងផ្លូវលេខ៤០០ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីរៀបចំសាង សង់ផ្លូវនេះឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងរដូវវស្សាកន្លងមក ពិសេសការដឹកជញ្ជូនធ្ងន់ៗមានការកើនឡើងនាពេលបច្ចុប្បន្ន កិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានធ្វើបទបង្ហាញថា ដោយមានចំណារឯកភាពពីប្រមុខរាជរដ្ឋាភិបាល ឱ្យរដ្ឋ បាលខេត្ត សហការជាមួយវិស័យឯកជនសាងសង់ផ្លូវក្នុងក្រុង ៦ខ្សែ ក្នុងចំណោមផ្លូវអាទិភាពចំនួន ២២ខ្សែ ។ ពេលនេះយើងបើកកិច្ចប្រជុំជាមួយម្ចាស់ទីតាំង ដើម្បីចាប់ដំណើរការសាងសង់ផ្លូវលេខ ៤០០ នេះមុន និងបន្តទៅសាងសង់ផ្លូវផ្សេងទៀត ។ លោកបន្តថា ផ្លូវលេខ៤០០ មានប្រវែង ១.៣៥០ម៉ែត្រ ស្មើនឹង ៦៦ក្បាលដី ផ្លូវនេះមានទទឹង ១៤ម៉ែត្រ ចាក់បេតុង ឆ្អឹងដែក កម្ពស់ ០.២០ម៉ែត្រ ស្មើរនឹង ៤.៩០០ម៉ែត្រការ៉េ និងចាក់អ៊ុតកៅស៊ូ AC កម្រាស់ ០.០៨ម៉ែត្រ ស្មើនឹង ១៨.៩០០ ម៉ែត្រការ៉េ មានលូអ៊ុយប្រវែង ៣៥០ម៉ែត្រ លូមូលប្រវែង ២.២៥៧ម៉ែត្រ អណ្តូងលូរ ៥៩កន្លែង សាងសង់រយ:ពេល ២ខែ ចំណាយថវិកាចំនួន ១.៣៥០.៩០០ ដុល្លាសហរដ្ឋអាមេរិក ។
ឯកឧត្តម យន្ត មីន បានអបអរសាទរការចូលរួមរបស់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ នារសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដែលបានឯកភាពគាំទ្រតាមការធ្វើបទបង្ហាញរបស់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងការចូលរួមវិភាគទានសាងសង់ផ្លូវលេខ៤០០ ឡើងវិញ ហើយមន្ទីរសាធា រណៈការ និងបើកការដ្ឋាននៅអាទិត្យក្រោយ ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើរបស់ភ្ញៀវទេសចរ ឱ្យហើយមុនរដូវវស្សាចូលមកដល់នាពេលខាងមុខ នេះជាកាសម្រេចចិត្តរបស់ប្រជាពលរដ្ឋក៏ដូចជាម្ចាស់សណ្ឋាគារ ក្នុងការចូលរួមស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ នឹងឈានទៅបើកការដ្ឋានសាងសង់ផ្លូវចំនួន ៥ខ្សែបន្តទៀតនៅពេលខាងមុខ ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ