នៅបន្ទប់ប្រជុំលេខ ០១ សាលាខេត្តសៀមរាប មានពិធីជួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្តសៀមរាប ជាមួយប្រតិភូក្រុមហ៊ុន អៀខូ អ៊ិនធើណេសិនណល អ៊ិនវេសមិន (EaCo Internaltional Investment Pte., Ltd) នៃសាធារណរដ្ឋសឹង្ហបុរី ដឹកនាំដោយ លោក ពៅ ពិសិដ្ឋ អភិបាល រងខេត្ត និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក LEO BOON YONG អគ្គនាយកក្រុមហ៊ុន អៀខូ អ៊ិនធើណេសិនណល អ៊ិនវេសមិន និងប្រតិភូអមដំណើរ កាលពីរសៀលថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងកិច្ចជំនួបនោះមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាល នាយក នាយករងទីចាត់ការចំណុះខេត្តលោកអភិបាលរងក្រុង លោកប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត។
កិច្ចពិភាក្សានេះគឺផ្ដោតសំខាន់ទៅលើការងារវិនិយោគលើវិស័យទេសចរណ៍ ការអភិវឌ្ឍន៍ធនធានទេសចរណ៍ សក្តានុពលទេសចរណ៍ ភាពទាក់ទាញអាទិភាពរបស់ខេត្តសៀមរាបពិសេសប្រាសាទអង្គរវត្ត ការងារវិនិយោគលើសំណង់អាគារ កន្លែងកំសាន្ត Shopping Center និងវិស័យម្ហូបអាហារ ធនធានមនុស្ស និងអនាម័យបរិស្ថាន។
នាឱកាសនោះ លោកអភិបាលរងខេត្ត បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្តសូមថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុនទាំងអស់ និងសូមស្វាគមន៍នូវគម្រោងវិនិយោគ និងកិច្ចសហការល្អៗ ដើម្បីភាពរីកចម្រើន និងជោគជ័យទាំងអស់គ្នា៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តសៀមរាប