នៅបន្ទប់ប្រជុំលេខ ០១ សាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំមួយស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ក្នុងករណីជនបរទេសប្រកបអាជីវកម្មមគ្គុទេ្ទសក៍ទេសចរណ៍ខុសច្បាប់នៅតំបន់សៀមរាបអង្គរ និងតំបន់ទេសចរណ៍មួយចំនួនទៀតជុំវិញខេត្ត ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏មានការអញ្ជើញចូលរួមពី នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត មន្ទីរទេសចរណ៍ ស្នងការរងនគរបាលខេត្ត នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ កងកម្លាំងអាវុធហត្ថខេត្ត មន្ទីរ-អង្គភាព ពាក់ព័ន្ធនានា តំណាងសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ និងមគ្គុទ្ទេសទេសចរណ៍ចំរុះភាសា សរុបចំនួន ២៧នាក់ ស្រី ២នាក់។ កិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារទេសចរណ៍មួយចំនួនរួមមាន÷
១-ស្នើសុំមានវិធានការ និងទប់ស្កាត់លើជនបរទេស មានជនជាតិ រុស្ស៊ី កូរ៉េ និងចិន អំពីករណីជនបរទេសប្រកបអាជីវកម្មមគ្គុទ្ទេសក៍ទេសចរណ៍ដោយខុសច្បាប់នៅក្នុងតំបន់អង្គរ និងតំបន់ជុំវិញមួយចំនួនទៀតដូចជា ប៉ែកខាងជើងបឹងទន្លេសាប(ចុងឃ្នាស កំពង់ភ្លុក កំពង់ឃ្លាំង) ឧទ្យានជាតិភ្នំគូលែន ប្រាសាទបេងមាលា ប្រាសាទកោះកេរ្តិ៍ និងប្រាសាទភ្នំព្រះវិហារ ជាដើម)។
២-ការងារបរិស្ថាននៅតំបន់រមណីយដ្ឋាន និងបរិស្ថានទូទៅជុំវិញខេត្ត និងមានការសហការគ្នាល្អ រវាងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ភ្ញៀវទេសចរ និងប្រជាជន ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានផ្ទាល់ ដើម្បីធ្វើឲ្យបរិស្ថានល្អ ធម្មជាតិបៃតង មានអនាម័យ និងមានផាសុខភាព ស្របតាមពាក្យស្លោក « ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ »។
៣-ស្នើឲ្យស្នងការនគរបាលខេត្ត ទទួលផែនការគ្រប់គ្រងជនអន្តោប្រវេសន៍ ធ្វើរបាយការណ៍ និងធ្វើបញ្ជីបច្ចុប្បន្នភាពជនបរទេសដែលស្នាក់នៅក្នុងខេត្តសៀមរាប ដើម្បីធ្វើអាជីវកម្ម ធ្វើជំនួញ ឬអាស្រ័យផលផ្សេងៗ និងកំណត់មុខសញ្ញាលើជនបរទេសទាំងនោះ ដើម្បីងាយស្រួលក្នុងគ្រប់គ្រងការងារទាំងនេះ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរងខេត្តក៏បានស្នើឲ្យមន្ទីរទេសចរណ៍ មន្ត្រីជំនាញ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ ត្រូវសហការគ្នា បង្កើតក្រុមការងារ ធ្វើការជាសម្ព័ន្ធ និងបង្កើតក្រុមតេឡេក្រាម (Telegram ) ដើម្បីមានភាពងាយស្រួលក្នុងការជូនដំណឹង ផ្ដល់ព័ត៌មាន និងរាយការណ៍ឲ្យគ្នាទៅវិញទៅមក៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តសៀមរាប