នាព្រឹកថ្ងៃសុក្រទី ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចម្រុះ ជួបជាមួយអភិបាលខេត្ត ឧប៊ុនរាជធានីរបស់ព្រះរាជាណាចក្រថៃ ដើម្បីចុះត្រួតពិនិត្យពិភាក្សាលើការរៀបចំដំណើរការរៀបចំបើកច្រកទ្វារអន្តរជាតិអានសេះ ដោយមានការចូលរួមពីក្រុមការចម្រុះនៃខេត្តទាំងពីរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ជម្រាបជូនភាគីថៃក្នុងកិច្ចប្រជុំ ចង្អៀតនោះថា ការដាក់ឲ្យដំណើរការច្រកទ្វាអន្តរជាតិនេះឡើង គឺមិនបះពាល់ដល់ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរទេ ទុកឲ្យគណៈកម្មការបោះបង្គោលអនុវត្តនិតិវិធី ហើយចំពោះមូលហេតុសំខាន់ គឺដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នាឲ្យកាន់តែប្រសើរឡើង ជាពិសេសសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប្រទេសទាំងពីរ ព្រមទាំងប្រែក្លាយតំបន់ព្រំដែនឲ្យជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងខេត្តទាំងពីរផងដែរ។
ឯកឧត្តមអភិបាល បានលើកឡើងទៅកាន់ភាគីថៃនូវចំនុចមួយចំនួនដូចខាងក្រោម៖ ១.ខេត្តព្រះវិហារ បានត្រៀមបម្រុងទុករៀបចំជាស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិដែលមានទំហំ ៣.៤ហិកតារបស់ខ្លួនរួចរាល់ហើយ, ២.ចំពោះការនាំចេញចូលទំនិញរបស់ប្រជាជនទាំងពីរ សូមឲ្យអនុវត្តរក្សាស្ថានភាពដើមដូចមុន, ៣.សុំឲ្យភាគីថៃឯកភាពបង្កើតក្រុមការងារចម្រុះជាផ្លូវការដឹកនាំដោយអភិបាលខេត្តទាំងពីរ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានាក្នុងកិច្ចដំណើរការបើកច្រកទ្វាអន្តរជាតិក៏ដូចជាពេលដំណើរការ ដោយត្រូវមានកិច្ចប្រជុំពិភាក្សា ក្នុងកំរិតខេត្ត និងខេត្ត ក្នុងករណីមានបញ្ហាកើតឡើង។
សូមបញ្ជាក់ដែរថា ខេត្តព្រះវិហារបានត្រៀមរួចរាល់នូវការចេញប័ណ្ណព្រំដែន ប៉ុន្តែភាគីថៃ ខេត្តឧប៊ុនរាជធានី មិនទាន់ដំណើរការនៅឡើយ ព្រោះថាប័ណ្ណព្រំដែន ពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់ បទល្មើសឆ្លងដែន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀត៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ