នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវត្តតាស្អាង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា គណៈប្រតិភូក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ឯកឧត្តម លោកជំទាវជាក្រុមការងារចុះជួយស្រុក ឃុំ តំណាងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កងកម្លាំង មន្ត្រីរាជការ សប្បុរសជន មេភូមិ ប្រជាការពារភូមិ យាយជី តាជី លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាកបាទក្រហម សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុប ៨៥៩នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្ត ម ប៉េង ពោធិ៍សា អភិបាលខេត្ត បានថ្លែងនូវក្តីរំភើបរីករាយដោយបានឃើញនូវសមិទ្ធផលជាច្រើនបានកើតឡើងនូវវត្តតាស្អាងនេះ ក្នុងនោះក៏សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមគ្រួសារដែលបាន បរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើន ផ្តល់ជូននូវសមិទ្ធផលនានានៅក្នុងវត្តតាស្អាង ក៏ដូចជាក្នុងឃុំកំពង់ចំឡងនេះ។
ឯកឧត្តមបន្តថា សមិទ្ធផលទាំងអស់កើតឡើងបានក៏ ព្រោះតែស្ថានភាពនៃប្រទេសជាតិយើងទទួលបានផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋយើងមានជីវភាពល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ និងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួមចំណែកក៏សាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ កត្តាសន្តិភាព និងស្ថិរភាពដែលជាមនុញ្ញផលនៃគោលនយោបាយឈ្នះ ឈ្នះ គួបផ្សំនិងនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់អតីតសមរភូមិ និងតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ ទីផ្សារ និងតំបន់អភិវឌ្ឍន៍បានបង្កភាពអនុគ្រោះ និងលក្ខណៈអំណោយផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិទាំងមូល ។
ទន្ទឹមនេះខេត្តស្វាយរៀងនាពេលបច្ចុប្បន្នក៏មានការអភិវឌ្ឍខុសពីជាង៤០ឆ្នាំមុន ដែលនេះជាគុណតម្លៃនៃសន្តិភាពដែលសម្តេចតេជោហ៊ុន សែន បានខិតខំរកបានដោយលំបាកសម្រាប់ប្រជាជន និងប្រទេសជាតិ បច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់យករបបរាជានិយម តាំងពីបរមបុរាណមកម្ល៉េះ សព្វថ្ងៃនេះ កម្ពុជាកំពុងអនុវត្តរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងច្រើនតែនិយាយថាស្ថាប័នជាតិ និងស្ថាប័ន ព្រះមហាក្សត្រស្ថិតនៅខាងអាណាចក្រ។ ចំណែកឯស្ថាប័នសាសនា ស្ថិតនៅខាងពុទ្ធចក្រព្រោះយើងកាន់សាសនាព្រះពុទ្ធ ឬពុទ្ធសាសនា ហើយឯកឧត្ដមរំលឹកបែបនេះ គឺចង់បញ្ជាក់ថារាល់ការស្ថាបនា និងការអភិវឌ្ឍខាងអាណាចក្រ គឺជាបន្ទុករបស់ថវិកាជាតិ។ ចំពោះការស្ថាបនា និងការអភិវឌ្ឍខាងពុទ្ធចក្រវិញ នោះគឺជាបន្ទុករបស់ថវិកាឯកជនដែលបានមកដោយសារការជួយឧបត្ថម្ភពីសំណាក់សប្បុរសជន ដែលជាពុទ្ធបរិស័ទជិតឆ្ងាយ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់វត្តតាស្អាង គឺការកសាងបាននូវបណ្តាសំណង់សំខាន់ៗប្រកបដោយសោភ័ណភាពដ៏ល្អតាមបែបស្ថាបត្យកម្មសម័យដើម ដែលចោលរាងសមសួន ហើយត្រូវបានមតិមហាជនសរសើរ និងទទួល ស្គាល់ថាជាសំណង់មានលក្ខណៈត្រឹមត្រូវតាមរចនាបទខ្មែរបូរាណពិតប្រាកដ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាជួសជុលការពារបណ្ដាសំណង់ក៏ដូចជាទីវត្តអារាមទាំងមូលដោយចាត់ទុកថាសេនាសនភ័ណទាំងនេះ គឺជាទ្រព្យសម្បត្តិវប្បធម៌រួមរបស់មាតុភូមិកម្ពុជាយើងទាំងអស់គ្នា៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង