លោក Ernesto Braam ទីប្រឹក្សាយុទ្ធសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ នៃស្ថានទូតហូឡង់ ប្រចាំប្រទេសសឹង្ហបុរី បានចូលជួបសំដែងការគួរសម ជាមួយលោក ឈិន សេងងួន អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងពិភាក្សាការងារ ស្ដីពីការងារវិនិយោគ អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ និងព័ត៌មានពាក់ព័ន្ធអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ១រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។
លោក ឈិន សេងងួន អភិបាលខេត្តស្តីទី មានប្រសាសន៍ថា សក្កដានុពលរបស់ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ មានកុងតឺន័រឆ្លងកាត់ប្រមាណ ៧០ភាគរយ ជាតំបន់ឧស្សាហ៍កម្ម កសិកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជាបំពង់ករសេដ្ឋកិច្ច និងជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ រូមមាន៖១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ២.តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ, ៣.តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅឃុំបិតត្រាំង ស្រុកព្រៃនប់, និងទី៤.តំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ។ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ ជាង១០០ ស្រូបយកកម្លាំងពលកម្មជិត ៣ម៉ឺននាក់ កំពុងបំរើការងារសព្វថ្ងៃនេះ ។ លោកបានបន្តថា នៅខេត្ដព្រះសីហនុមានគម្រោងវិនិយោគសរុបចំនួន ១៣៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩,៤០៤លានដុល្លាអាមេរិក បច្ចុប្បន្នកំពុងដំណើរការ ៩៥គម្រោង មានទុនវិនិយោគ៦,៧៤៤លានដុល្លាអាមេរិក មិនដំណើរការ ៤២គម្រោង ទុនវិនិយោគសរុប ២,៥៧៤លានដុល្លាអាមេរិក និងលុបចេញ ៣គម្រោង ទុនវិនិយោគ ៨៥.៩៧លានដុល្លាអាមេរិក។
លោក Ernesto Braam បានកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ខិតខំបំពេញការងារ ពិសេសការទាក់ទាញអ្នកវិនិយោគគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ យ៉ាងគំហ៊ុករយៈពេល ២ឆ្នាំ ចុងក្រោយនេះ ធ្វើឱ្យកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ តែល្អប្រសើរឡើង។ លោកសង្ឃឹមថា នៅពេលខាងមុខ ខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ វិនិយោគយ៉ាងមមាញឹកធ្វើឱ្យមានការចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ និងទេសចរមកកាន់ខេត្តព្រះសីហនុ បន្ថែមទៀតជាក់ជាមិនខាន៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ