

តាកែវ៖ នាព្រឹកថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ អាណាព្យាបាល និងសិស្សជ័យលាភី និទ្ទេស A ចំនួន ១៧៨នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ មកពីតាមបណ្ដាវិទ្យាល័យស្រុកក្រុង នៅខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជា វ៉ានដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្ហាញផ្លូវដល់កូនក្មួយសិស្សានុសិស្ស ទាំងអស់ ទទួលបានចំណាត់ថ្នាក់ល្អប្រសើរ នាពេលនេះ។ ឯកឧត្តមអភិបាល ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ សូមបន្តរក្សាសីលធម៌ វិជ្ជាជីវៈ គរុកោសល្យ និងឥរិយាបថថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់សិស្សផងដែរ ដោយយកចិត្តទុកដាក់ ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីធានាបាននូវគុណភាព និងនវានុវត្តន៍ តាមរយៈការបណ្ដុះ បណ្ដាល ដោយត្រូវខិតខំធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាឆ្នាំខាងមុខទទួល បានលទ្ធផលល្អបន្ថែមពីនេះទៀត។
សូមជម្រាបជូនដែរថា លទ្ធផល ប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ នៅ ទូទាំងខេត្តតាកែវ សិស្សប្រឡងជាប់សរុបចំនួន ៨៤៣៨នាក់ ស្រី ៤៧១១នាក់ ក្នុងមាន៖
សិស្សនិទ្ទេស A សរុបចំនួន ១៧៨នាក់ ស្រី ៩៩នាក់
សិស្សនិទ្ទេស B សរុបចំនួន ៦៣៨នាក់ ស្រី ៣៨១នាក់
សិស្សនិទ្ទេស C សរុបចំនួន ១៩៧១នាក់ ស្រី ១២៨៦នាក់
សិស្សនិទ្ទេស D សរុបចំនួន ៣២០៩នាក់ ស្រី ១៧៩៦នាក់
សិស្សនិទ្ទេស E សរុបចំនួន ២៤៤០នាក់ ស្រី ១១៤៩នាក់ ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ








