

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Bridgette L Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងន័យចូលរួមចំណែកអភិវឌ្ឍលើវិស័យទេសចរណ៍ កសិកម្ម និងវិស័យពាណិជ្ជកម្មតក្នុងខេត្តសៀមរាប។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានលើកពីតួនាទីរបស់សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តម Donald J Trump ប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងសម្រាប់បទឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីសន្តិភាព និងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីកិច្ចសហការលើវិស័យអប់រំ សុខាភិបាល និងណែនាំពីវិស័យសក្តានុពលសម្រាប់វិនិយោគរួមមានកសិកម្ម និងទេសចរណ៍ ដោយឯកឧត្តមមានផែនការ អភិវឌ្ឈន៍វិស័យទាំងពីរឱ្យក្លាយជាវិស័យស្នូលសម្រាប់ខេត្តសៀមរាប។
លោកជំទាវភារធារី បានបង្ហាញអំពីជំហរប្តេជ្ញាចិត្តរបស់ហរដ្ឋអាមេរិកចំពោះសន្តិភាពក្នុងតំបន់ និងខិតខំធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរគោរពនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែការណ៍រួម។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់អ្នកវិនិយោគទុនអាមេរិក បន្ទាប់ពីកម្ពុជា និងសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជម្មក្នុងពេលថ្មីៗនេះ។ ប្រតិភូធុរកិច្ចអាមេរិក បានអញ្ជើញមកធ្វើទស្សនកិច្ចកម្ពុជាជាបន្តបន្ទាប់ ហើយលោកជំទាវ នឹងខិតខំជួយជំរុញបន្ថែមដើម្បីឱ្យវិនិយោគគិន អាមេរិកយល់ពីបរិបទកម្ពុជា ដើម្បីឱ្យអ្នកវិនិយោគយល់ និងមានទំនុកចិត្តខ្ពស់ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាក៏មានតម្លៃសម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ហើយក៏សូមស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប





