logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្តាល ចុះពិនិត្យ និងជំរុញផលិតកម្មកសិកម្ម ធុរៈកិច្ចកសិកម្ម នៅស្រុកពញាឮ
57
05-Aug-2020
Sub-nation news
Link

      ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាលបាន ជំរុញ និងលើកទឹកចិត្តដល់ កសិដ្ឋានចិញ្ចឹមត្រី កសិករចិញ្ចឹមមាន់ និងកសិករដាំបបន្លែសុវត្ថិភាព ត្រូវបន្តខិតខំប្រឹងប្រែងពង្រីក និងអភិវឌ្ឍន៍ការងារខ្លួនបន្ថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ច ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ដែលកិច្ចការនេះមន្ត្រីកសិកម្មគ្រប់ថ្នាក់មានតួនាទីសំខាន់ណាស់ ត្រូវតែចុះជាប់ជាមួយប្រជាកសិករ ត្រូវផ្ដល់បច្ចេកទេស និងដំណោះស្រាយនានានៅពេលដែលពួកគាត់ជួបបញ្ហា។

     ឯកឧត្តម អភិបាលរង បានជំរុញ និងលើកទឹកចិត្តដូច្នេះ ក្នុងពេលដែលឯកឧត្តម ព្រមទាំងមន្ទីរកសិកម្មខេត្ត មន្ទីរពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទ ចុះពិនិត្យ ផលិតកម្មកសិកម្ម ធុរៈកិច្ចកសិកម្ម អំពីការចិញ្ចឹមមាន់ ការដាំបន្លែសុវត្ថិភាព និងការចិញ្ចឹមត្រីនៅស្រុកពញាឮ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

       ក្នុងឱកាសជួបជាមួយប្រជាកសិករនាពេលនោះ ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្ត ឲ្យកសិករនៅក្នុងស្រុកពញាឮ ត្រូវខិតខំ បង្កើនការផលិតបន្លែសុវត្ថិភាពបន្តទៀត ពីព្រោះតម្រូវការបន្លែសុវត្ថិភាពមានចំនួនច្រើន ស្របពេលដែលប្រជាពលរដ្ឋទូទៅបាននិងកំពុងងាកមកបរិភោគ បន្លែសុវត្ថិភាព ដើម្បីសុខភាពល្អ ដែលជាហេតុធ្វើឲ្យបន្លែសុវត្ថិភាពមានតម្លៃសមរម្យ ហើយនេះជាឱកាសដ៏ល្អដែលប្រជាកសិករ អាចបង្កើនប្រាក់ចំណូល ក្នុងវិបត្តិកូវីត-១៩ នេះ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ដោយយកវិស័យកសិកម្មជាអតិភាព។

      ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារ បានយល់ស្របអោយបង្កើតស្តង់សម្រាប់លក់មាន់ស្រែ ដែលបណ្តុំអាជីវកម្មចិញ្ចឹមមាន់ផលិតបាន នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ហើយ លោក ថន សុវណ្ណា អភិបាលស្រុក និងលោកមេឃុំឈ្វាំង ក៏បានយល់ព្រមផ្តល់ម៉ាស៊ីនវៃចំណីចំនួន ៨ គ្រឿង តាមសំណូមពរ ដោយបណ្តុំអាជីវកម្មត្រូវចូលរួមបដិភាគចំនួន ១០០$/គ្រឿង។

      លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានឲ្យដឹងថា នៅក្នុងស្រុកពញាឮ មានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន ៨ បង្កើតជាបណ្តាញអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន១ មានសមាជិកចំនួន ២៤៨ គ្រួសារ និងមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ។

      លោកបានបន្ថែមថា បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ភូមិតាគោក ឃុំឈ្វាំង គឺបង្កើតដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល គាំទ្រថវិកា សម្ភារៈ បច្ចេកទេសដោយកម្មវិធី ASPIRE ដែលកំពុងចិញ្ចឹមមាន់ស្រែ មានមេពូជបង្កាត់បែបធម្មជាតិ មេចំនួន ១០០ ក្បាល បាចំនួន ១៨ក្បាល និងបង្កាត់បែបសិប្បនិម្មិតមេចំនួន ៤៤ ក្បាល បាចំនួន ៦ ក្បាល។

      ក្នុងដំណើរចុះពិនិត្យ កសិដ្ឋានចិញ្ចឹមត្រី នៅភូមិចុងកោះ ឃុំកោះចិន ឯកឧត្តម តាំង ម៉េងលាន បានថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់កសិដ្ឋានដែលចិញ្ចឹមត្រីបានចំនួនច្រើនបែបនេះ ហើយបាន ជំរុញលើកទឹកចិត្តអោយម្ចាស់កសិដ្ឋានខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

      សូមជម្រាបថា កសិដ្ឋានចិញ្ចឹមត្រីនេះមានផ្ទៃដីសរុប ១៤ ហិកតា ចែកចេញជា ៧ស្រះធំៗ ដែលកំពុងចិញ្ចឹមត្រីប្រាចំនួន ៦ ស្រះ និងត្រីឆ្ដោ១ស្រះ តាមរយៈម្ចាស់កសិដ្ឋាន កសិករ សុខ វី បានប្រាប់ឲ្យដឹងថា គាត់កំពុងចិញ្ចឹមត្រីប្រមាណ ៦០ម៉ឺនក្បាល ដោយប្រើរយៈពេល ៨-៩ ខែទើបអាចប្រមូលផលបាន ប្រមាណ ៩០០តោន/ឆ្នាំ។

      លោកបានប្រាប់ឲ្យដឹងទៀតថា ការចិញ្ចឹមត្រីនេះអាចរកប្រាក់ចំណេញបានប្រមាណ ១៥០,០០០$/ឆ្នាំ ហើយ ក្រៅពីការចិញ្ចឹមត្រី លោកក៏បានឆ្លៀតចិញ្ចឹមទាតៃវ៉ាន់ចំនួន ៣០០០ក្បាល និងមាន់សាច់ចំនួន ៧០០ក្បាលទៀតផងដែរ គ្រាន់បានរួចថ្លៃជួលកម្មករចំនួន ៩នាក់ដែរកំពុងបំរើការនៅក្នុងកសិដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior