ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាអាទិភាព ចំបងដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ខ្លាំងបំផុត បានធ្វើការ វិនិយោគយ៉ាងច្រើន លើវិសយ័អប់រំ តាមរយៈកសាងសាលារៀនយ៉ាងច្រើនតាំងពីទីប្រជុំជនរហូតដល់ជនបទដាច់ស្រយាលធ្វើយ៉ាងណាដើម្បីបណ្តុះបណ្តាលក្មួយៗ ជំនាន់ក្រោយអោយមានចំណេះដឹងខ្ពស់ក្លាយជាពលរដ្ឋល្អជាទំពាំងស្នងឬស្សី បន្តវេន សំរាប់ដឹកនាំប្រទេសជាតិ អោយមានការអភិវឌ្ឍន៍ឈានឡើងនាពេលអានាគត។
នេះជាប្រសាសន៍ របស់លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ក្នុងឱកាសដែលលោកស្រីចូលរួមបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជន និងកីឡាប្រចាំឆ្នាំសិក្សា២០១៨-២០១៩ និងលើក
ទិសដៅ ឆ្នាំសិក្សា ២០១៩-២០២០ នៅសាលាគរុកោសល្យភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។
លោកស្រី ហ៊ុនកុសនី បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព រីកចំរើនរបស់វិសយ័អប់រំខេត្តកណ្តាល កន្លងមក ក៍ដូចជាបច្ចុប្បន្ននេះដែរ បាននឹងកំពុង ពង្រឹងគុណភាពសេវាអប់រំ ទាំងកំរឹត បឋមសិក្សា និងមធ្យមសិក្សា ដើម្បីឆ្លើយតប ទៅនឹងតំរូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ លោកស្រី សង្កត់ធ្ងន់ថា៖ ទាំងអស់នេះគឺកើតឡើង ដោយសារ ស្រុកទេសយើងមានសុខ សន្តិភាព និងមានការអភិវឌ្ឍដោយឥតឈប់ឈរ ក្នុងរយៈពេលតែ២០ឆ្នាំចុងក្រោយនេះបន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន សន្តិភាព ពេញលេញនៅទូទាំងប្រទេស។
លោកចេង សំអ៊ុល ប្រធានមន្ទីរអប់រំ ខេត្តកណ្តាល អោយដឹងថា៖ បច្ចុប្បន្ននេះ វិស័យអប់រំ ខេត្តកណ្តាល មានសន្ទុះរីកចំរើន ទាំងបរិមាណ និងគុណភាពគួរអោយកត់សំគាល់។ កត្តានេះគឺអាស្រ័យដោយមានការគាំទ្រពីអាជ្ញាធរ ការចូលរួម ពីសហគមន៍ជាតិ អន្តរជាតិ បណ្តាសប្បុរសជន និងដៃគូរអភិវឌ្ឍន៍នានាតាមរយះការធ្វើយុទ្ធនាការ ប្រមូលកុមារដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្តល់អាហារូបករណ៍ ដល់សិស្សមកពីគ្រួសារក្រីក្រ ពិសេសសិស្សនារីជាដើម។
លោក ចេង សំអ៊ុល បញ្ជាក់ថា៖ តាមការគ្រោងទុក មន្ទីរអប់រំខេត្តកណ្តាល ប្រារព្ធធ្វើសន្និបាត វាយតម្លៃការងារអប់រំ ឆ្នាំសិក្សា ២០១៨-២០១៩ ក្នុងបំណងដើម្បីបូកសរុប ពីវឌ្ឍនភាព វិស័យអប់រំ ខេត្តកណ្តាល រយៈពេលពេញ១ឆ្នាំកន្លងមកនេះ និងបញ្ហាប្រឈមនានាដែលត្រូវរួមគ្នាដោះស្រាយដោយដាក់ចេញ ទិសដៅផែនការ ធ្វើយ៉ាងណាប្រមូលធាតុចូលថ្មីៗអោយបានច្រើន សំរាប់រៀបចំផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍ វិស័យអប់រំសំរាប់យកទៅអនុវត្តនៅឆ្នាំសិក្សា ២០១៩-២០២០បន្តទៀត៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល