logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តសៀមរាប និងទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីពី អាហារូបករណ៍ Chevening ថ្នាក់អនុបណ្ឌិត ទៅសិក្សានៅចក្រភពអង់គ្លេស
45
28-Aug-2019
Sub-nation news
Link

      លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញតឲ្យឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីអាហារូបករណ៍ Chevening  ថ្នាក់អនុបណ្ឌិត ដែលដឹកនាំដោយលោកជំទាវ Tina Redshaw និងសហការី ព្រមទាំងមានការ ចូលរួមពី មន្ទីរ អង្គភាព ចំណុះខេត្ត សាស្ត្រាចារ្យ បញ្ញាវ័ន្ត សិស្ស និសិ្សត តាមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំក្នុងខេត្តសៀមរាប សរុបចំនួន ៨៥នាក់ នៅសាលាខេត្តសៀមរាប នាថ្ងៃអង្គារថ្ងៃ ទី ២៧  ខែសីហា  ឆ្នាំ ២០១៩។

      លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកជំទាវ ឯកអគ្គរាជទូត  គណៈប្រតិភូ ពិសេសរាជរដ្ឋាភិបាលអង់គ្លេស ដែលតែងតែជួយជ្រោមជ្រែង លើវិស័យអបរំ  សុខាភិបាល និងវិស័យអាទិភាពពាក់ព័ន្ធជាច្រើនទៀត។

      លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស បានថ្លែងថា «ការទៅសិក្សានៅប្រទេសអង់គ្លេស គឺស្មើនឹងការទទួលបានការសិក្សាលំដាប់ពិភពលោក នៅគ្រឹះស្ថានអប់រំដ៏មានល្បីៗ  ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំងដប់លើពិភពលោក មានសាកលវិទ្យាល័យកំពូលដល់ទៅបីឯណោះ ដែលមានទីតាំងនៅប្រទេសអង់គ្លេស។ ជាប់ចំណាត់ថ្នាក់លេខពីរលើពិភពលោក លើផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវ ហើយ៥៤ភាគរយ នៃលទ្ធផលការងារ ដែលកើតចេញពីវិស័យទាំងពីរនេះ គឺសុទ្ធតែនាំមុខគេក្នុងពិភពលោក។ ការសិក្សានៅប្រទេសអង់គ្លេស ក៏ជួយពង្រីកឱកាសទទួលបានការងាររបស់អ្នកទាំងអស់គ្នាផងដែរ»។

      លោកជំទាវ បន្ដថា «លទ្ធផលស្ថិតិលំដាប់ពិភពលោកជាច្រើន បានបង្ហាញឱ្យឃើញជាបន្តបន្ទាប់ថា សញ្ញាបត្រពីប្រទេសអង់គ្លេស សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ នៅទូទាំងពិភពលោកទាំងមូលតែម្ដង។ អង់គ្លេស ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងប្រាំ លើពិភពលោក លើផ្នែកសហការរវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ។ កត្តានេះជួយផ្ដល់ឱកាសកាន់តែខ្ពស់ សម្រាប់ឱ្យនិស្សិតដែលបញ្ចប់ការសិក្សា អាចទទួលបានការងារធ្វើ និងឱកាសការងារល្អៗ ជាច្រើន ជាហេតុនាំឱ្យនិស្សិតនោះមានប្រៀបជាងនិស្សិតដ៏ទៃ នៅក្នុងទីផ្សារការងារ ទាំងក្នុងស្រុក និងអន្តរជាតិ»។

      សូមបញ្ជាក់ថា អាហាររូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ជាកម្មវិធីដែលផ្ដល់ឱកាសដល់និស្សិតចំនួន ១៥០ប្រទេស ជុំវិញពិភពលោក ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលរួមប្រលងអាហាររូបករណ៍ តែត្រូវមានបទពិសោធន៍ការងារ (រដ្ឋ ឬឯកជន) យ៉ាងតិច២ឆ្នាំ ឬ ២៨០០ម៉ោង មានសញ្ញាបត្រ បរិញ្ញាបត្រ និងមានពិន្ទុល្អផ្នែកភាសាអង់គ្លេស ហើយការសិក្សាមានរយៈពេល ១ឆ្នាំ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior