

មានប្រសាសន៍ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣ ចំនួន ១៥រូប ដែលត្រូវបានរៀបចំឡើងនៅសាលាស្រុកសាលាក្រៅ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ស្នើដល់ក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣ ដែលទើបប្រកាសចូលកាន់តំណែង ត្រូវសហការឱ្យបានល្អជាមួយគណៈអភិបាលស្រុក ត្រូវជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេឃុំ និងមេភូមិទាំងអស់ ដែលនៅគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បី បង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធ នយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ, និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ក្រើនរំលឹកឱ្យក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣ ព្រមទាំងគណៈអភិបាលស្រុក និងឃុំ, ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនក្នុងស្រុកទាំងមូល ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានបានកំណត់, និងត្រូវយកចិត្តទុក ដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជា ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំសម្រាប់ស្រុក, ការបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន, និងការធានាសន្តិសុខ,សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ បើតាមអនុក្រឹត្យលេខ ៧៦៥.អនក្រ.តត ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដែលអានដោយ លោកស្រី គុំ ចាន់ធាវី នាយករងរដ្ឋបាលខេត្ត គឺសមាសភាពក្រុមប្រឹក្សាស្រុកសាលាក្រៅ ខេត្តប៉ៃលិន អណត្តិទី៣ ចំនួន ១៥នាក់ មាន លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកចំនួន ១៤រូប មាន៖ ១-លោក ម៉ម ហុន ២-លោក ញ៉ិល សុខគង់ ៣-លោកស្រី សៅ រុន ៤-លោក សោម រ៉ន ៥-លោកស្រី យក់ ណុំ ៦-លោក ឃឹម គន្ធា ៧-លោក សែម សេត ៨-លោក ស៊ុត ឡាឌី ៩-លោក ខេង ប៊ុនធឿន ១០-លោកស្រី វង្ស ស្រីអូន ១១-លោក អៀង សំណាង ១២-លោក ទុំ សុង ១៣-លោកអ្នក សារី និង១៤-លោក ទេព សង៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន








