logo
Header Logo
News Detail
thumbnail
អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ បច្ចេកវិទ្យាថ្មី ដែលអាចថែរក្សាលំនឹង ស្ថិរភាពប្រព័ន្ធអ៊ិនធើណេត កុំឲ្យមានការរអាក់រអួល
66
30-May-2019
Sub-nation news
Link

     នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ បច្ចេកវិទ្យាថ្មី ដែលអាចថែរក្សាលំនឹង ស្ថិរភាពប្រព័ន្ធអ៊ិនធើណេត កុំឲ្យមានការរអាក់រអួល ស្ថិតនៅសាលប្រជុំនន្ទី អាគារ “ខ’’ សាលាខេត្តស្វាយរៀង ។

     អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមានលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរ-អង្គភាព លោក អភិបាល ក្រុង ស្រុក លោក លោកស្រីនាយកទីចាត់/អង្គភាពចំណុះសាលាខេត្ត លោកតំណាងក្រុមស៊ីសេក តំណាងក្រុមហ៊ុននានាក្នុងខេត្ត  ព្រមទាំងលោក លោកស្រី ជាតំណាងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ កាស៊ីណូ និងក្រុមហ៊ុនដែលជាប្រតិបត្តិករពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធអ៊ីនធើណេត និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបវត្តមានចំនួន ៦៩នាក់។

     មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងនូវការអរគុណ ចំពោះក្រុមហ៊ុនស៊ីសេក ដែលបានផ្ដួចផ្ដើម និងសហការជាមួយរដ្ឋបាលខេត្តក្នុងការរៀបចំ ឲ្យមាននូវសិក្ខាសាលានេះឡើង ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយនូវការរីកចម្រើននៃបច្ចេកវិទ្យាថ្មី ជូនដល់គ្រប់បណ្ដាអង្គភាពទាំងផ្នែករដ្ឋ និងឯកជនដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធអ៊ីនធើណេតនៅក្នុងខេត្តស្វាយរៀង ។

     លោកបន្តថា ជាមួយនឹងស្ថេរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ ហើយបានប្រែក្លាយខ្លួនពីប្រទេសដែលមាន ចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥។ កម្ពុជាមិន ត្រឹមតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងសម្រេចបាននូវការផ្លាស់ប្ដូររចនាសម្ព័ន្ធ សេដ្ឋកិច្ចពីសេដ្ឋកិច្ចដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្មថែមទៀតផង។ 

     រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គឺជាវិស័យអាទិភាពដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេស ជាពិសេសស្របពេលដែលប្រទេសកម្ពុជាកំពុងតែវិវឌ្ឍន៍បន្តិចម្ដងៗទៅជាប្រទេសដែលមានការអភិវឌ្ឍលើវិស័យឧស្សាហកម្ម ដែលស្ដែងឡើងតាមរយៈលំហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស ក្នុងនោះគ្រាន់តែនៅក្នុងក្របខ័ណ្ឌខេត្តស្វាយរៀងយើងខ្ញុំ នាពេលបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៨កន្លែង មានក្រុមហ៊ុន រោងចក្រ សហគ្រាស១៨៨កន្លែង និងកាស៊ីណូ ចំនួន ២៣កន្លែង ។ ក្នុងបរិបទនេះ ប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺជាតម្រូវការដ៏ចាំបាច់ និងសំខាន់បំផុត។

     ជាចុងបញ្ជប់អភិបាលរងខេត្ត បានស្នើដល់អង្គសិក្ខាសាលាទាំងមូលសូមខិតខំយកចិត្តទុកដាក់ស្ដាប់នូវគ្រប់បទឧទ្ទេសនាមរបស់វាគ្មិនទាំងអស់ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងបទពិសោធន៍ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅ ឆ្លើយតបទៅនឹងការរីកចម្រើនថ្មីៗនៃវិស័យបច្ចេកវិទ្យាបច្ចុប្បន្ន ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior