នៅព្រឹកថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ នាសាលប្រជុំនន្ទីអគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០១៨ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ។ ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ អភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពដែលជាសមាជិក សមាជិកា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សរុប ៣៤រូប ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍សម្ដែងនូវការអរគុណដល់កងកម្លាំងនគរបាលចរាចរណ៍ កងកម្លាំងពាក់ព័ន្ធ មន្ទីរ-អង្គភាព ទាំងអស់ដែលជាសមាជិកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងអាជ្ញាធរក្រុងស្រុក ដែលបានសហការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចដឹកនាំការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងខែវិច្ឆិកា ក៏ដូចជាឆ្នាំ២០១៨នេះ ។
ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា បើទោះបីជាយើងបានខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹមយ៉ាងណាក៏ដោយ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែបន្តកើតមាន បណ្ដាលឲ្យប្រជាពលរដ្ឋទទួលរងគ្រោះ ឬឈានដល់ការបាត់បង់ជីវិត ។ ដូច្នេះ ទើបនៅថ្ងៃនេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត រៀបចំកិច្ចប្រជុំដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យ ពិភាក្សា ស្វែងរកមូលហេតុ និងកំណត់នូវវិធានការដោះស្រាយឈានទៅកាត់បន្ថយ និងទប់ស្កាត់កុំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ។
ជាចុងបញ្ចប់ បន្ទាប់ពីមានការចូលរួមមតិយោបល់ពីសមាជិក សមាជិកា នៃកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
-ត្រូវបន្តធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សីលធម៌ ១០ចំណុច ឲ្យបានទូលំទូលាយថែមទៀត តាមរយៈការសង្ខេបខ្លឹមសារខ្លីៗ ងាយយល់ ដោយធ្វើការបែងចែកជាក្រុមតូចៗ ផ្សព្វផ្សាយតាមខ្នងផ្ទះ តាមសហគមន៍នៅមូលដ្ឋាន
-ត្រូវបន្តរឹងបន្តឹងការអនុវត្តច្បាប់ ដោយផ្ដោតជាសំខាន់លើការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើកបរមិនគោរពសិទ្ធអាទិភាព មិនប្រកាន់ស្ដាំ និងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាពិសេសធ្វើយ៉ាងណាឲ្យអ្នកបើកបរទោចក្រយានយន្តបំពាក់កញ្ចក់មើលក្រោយ និងពាក់មួកសុវត្ថិភាពឲ្យបានច្រើនជាអតិបរមា
-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាព រៀបចំស្លាកសញ្ញាចរាចរណ៍ឲ្យបានគ្រប់ទីតាំងសំខាន់ៗនៅលើដងផ្លូវ និងគំនូសរលាក់(Rumble strips) នៅមុខស្លាកសញ្ញាបន្ថយល្បឿន និងជិតផ្លូវបំបែកជាបួន
-ត្រូវបន្តធ្វើការណែនាំ អប់រំ ព្រមទាំងអនុវត្តវិធានការច្បាប់ និងធ្វើការផាកពិន័យឲ្យបានតឹងរឹង និងម៉ឺងម៉ាត់បំផុត ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវរៀបចំសេចក្ដីជូនដំណឹង ស្ដីពីវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយ ដោយត្រូវដាក់ឲ្យអនុវត្តនៅដើមឆ្នាំ២០១៩ ខាងមុខ៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង