កាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្រុកកំពង់រោទិ៍ និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) នៅថ្នាក់ស្រុក ឆ្នាំ២០១៨ ដែលនៅស្រុកស្វាយជ្រំ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងនៅស្រុកកំពង់រោទិ៍ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក រស់ ផារិទ្ធ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នាយកទីចាត់ការ និងក្រុមការងារកសាងផែនការខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យនានាជុំវិញស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ស្រុកនេះ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងនៅថ្នាក់ស្រុក មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។ ដំណើរការសិក្ខាសាលានេះ ប្រព្រឹត្តទៅដោយមានការចុះកិច្ចសន្យាគាំទ្រគម្រោងរវាងមន្ទីរជំនាញ និងអង្គការនានា ជាមួយនិងអង្គភាពអនុវត្តនៅថ្នាក់ស្រុក ផងដែរ៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង