ខេត្តកណ្តាល ៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៥ អាណត្តិទី៣ នៅវត្តត្រពាំងប្រីយ៍ ស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាង ៧០០នាក់។
ថ្លែងក្នុងវេទិការនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះវត្តមានចូលរួម របស់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងវេទិកានេះ ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការគ្នាយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធ្វើឱ្យមូលដ្ឋានកាន់តែទទួលបាននូវការអភិវឌ្ឍថ្មីៗថែមទៀត។
ឯកឧត្តម នូ សាខន បានបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ណាស់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ស្រុក និងរដ្ឋបាលឃុំ ជាឱកាសដ៏ល្អ ក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា មកឱ្យក្រុមប្រឹក្សា និងគណៈអភិបាលធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ។
ថ្លែងនៅក្នុងវេទិកានេះដែរ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានធ្វើការអំពាវនាវ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ថែមពីលើនេះ ឯកឧត្តម ប៊ុន ផេង បានគួសបញ្ចាក់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
សូមបញ្ជាក់ថា ក្នុងវេទិការនេះ ទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ៨២ ក្នុងនោះផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់មានចំនួន ២០ ផ្នែកសេដ្ឋកិច្ចមានចំនួន ៣៥ ផ្នែកសង្គមកិច្ចមានចំនួន ៧ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុមានចំនួន ២០ ដែលសំណើរ និងសំណូមពរទាំងនេះត្រូវបាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល