logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
25
07-Nov-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ ដើម្បីឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ​ប្រព្រឹត្តិ​ទៅមាន​សណ្តាប់ធ្នាប់​រៀបរ​យ​ល្អ ធានា​នូវភាពយុត្តិធម៌ ប្រកបដោយ​គុណភាព និង​តម្លាភាព នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកណ្តាល, ឯកឧត្តម កែវ ធីវុធ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ ហ៊ុន កុសនី អភិបាល​រងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រឡង និង​ចូលរួម​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២២-២០២៣ នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន កុសនី បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗ ជា​សិស្សានុសិស្ស​ទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ធ្វើ​ឱ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសា​ និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះ នឹងត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

លោកជំទាវ ក៏បាន​ជូនពរ​ដល់​សិស្សានុសិស្ស​ទាំងអស់​ សូមទទួល​បាន​លទ្ធផល​ជោគជ័យ និង​ទទួល​បាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា ​ក្នុង​សម័យ​ប្រឡង​ឆ្នាំ​នេះ ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។

សូមបញ្ជាក់ថា ខេត្តកណ្តាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៧មណ្ឌល ស្មើនឹង ៤៥១បន្ទប់ ដែលស្ថិតនៅក្រុង/ស្រុក ចំនួន៤ ៖ ១-ក្រុងតាខ្មៅ មានចំនួន ០៩មណ្ឌល សម្រាប់បេក្ខជនមកពីក្រុងតាខ្មៅ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកពញាឮ និងក្រុងអរិយក្សត្រ។ ២-ស្រុកស្អាង មានចំនួន ២មណ្ឌល សម្រាប់បេក្ខជនមកពីស្រុកស្អាង និងស្រុកកោះធំ។ ៣-ស្រុកកណ្តាលស្ទឹង មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កណ្តាលស្ទឹង និងស្រុកអង្គស្នួល។ ៤-ស្រុកកៀនស្វាយ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កៀនស្វាយ ស្រុកលើកដែក ស្រុកល្វាឯម និងក្រុងអរិយក្សត្រ ។

ខេត្តកណ្តាលឆ្នាំនេះ មានបេក្ខជនមានឈោ្មះក្នុងបញ្ជី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១០,៨៧៣នាក់ ស្រី ៦,០២៣នាក់។ បើធៀបទៅនឹងឆ្នាំសិក្សា២០២១-២០២២ ខេត្តមានមណ្ឌលប្រឡងថយចុះ ចំនួន ០២មណ្ឌល រីឯបេក្ខជន បានកើនឡើងចំនួន ៧៣០នាក់ ស្រី ៣៥៦នាក់៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior