នៅថ្ងៃពុធ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំលេខ២ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល ពិភាក្សា ការងារ និងរៀបចំផែនការចែកចាយឯកសារមេរៀនសង្ខេប និងសន្លឹកកិច្ចការចាំបាច់នានា សម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ដែលដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី លោក ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុង ស្រុក ស.ស.យ.កខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ថា ការចែកចាយឯកសារមេរៀនសង្ខេប និងសន្លឹកកិច្ចការចាំបាច់នានា សម្រាប់សិស្សថ្នាក់ទី១២ ដើម្បី ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ និងត្រៀមខ្លួនសម្រាប់ពេលប្រឡងនាពេលខាងមុខ និងមួយវិញទៀត ការចែកចាយមេរៀនសង្ខេបនេះ អាចជួយសម្រួលដល់សិស្សដែលមានជីវភាពខ្វះខាតបានមួយកម្រិតដែរ ព្រមទាំងជាជំនួយដល់សិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងការសិក្សាទៅលើមុខវិជ្ជាសំខាន់ៗ ឱ្យងាយយល់បន្ថែមពីលើម៉ោងសិក្សាក្នុងសាលា។
លោកស្រី បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងអប់រំយុវជន និងកីឡាបានកំណត់យក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ដូចនេះ យើងមានផែនការចែកចាយឯកសារមេរៀនសង្ខេប និងសន្លឹកកិច្ចការចាំបាច់នានាសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ ហើយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានត្រៀមរួចរាល់ហើយលើមុខវិជ្ជាចំនួន ៥ រួមមាន៖ ភាសាខ្មែរ, គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា និងជីវវិទ្យា៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប