ខេត្តកណ្តាល ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្តាល ដោយឥតគិតថ្លៃ ដែលជាអំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ ដឹកនាំដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលពិធីនេះធ្វើឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល។
ក្នុងឱកាសនោះឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍សំណេះសំណាលដោយបានថ្លែងអំណរគុណចំពោះឯកឧត្តមហ៊ុន ម៉ានី ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលនេះ និងរយៈពេលកន្លងទៅនៅក្នុងខេត្តកណ្តាល ក៏ដូចនៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងខេត្តកណ្តាល ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជននិងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាពឱ្យបានល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ។
ឯកឧត្តម បន្ថែមថា សន្តិភាព គឺមានតម្លៃដ៏លើសលប់ ប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ ការរស់រាន មានជីវិត ការទទួលបាននូវសិទ្ធិនានា ដូចជាសិទ្ធិទទួលបាននូវសេវាសុខភាព សាធារណៈ របស់ប្រជាពលរដ្ឋ ដែលបានផ្ដល់ឱកាសដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋ បានមកជួបជុំគ្នាដោយទឹកចិត្តសប្បាយរីករាយ ក្នុងការពិនិត្យពិគ្រោះជំងឺដល់បងប្អូនប្រជាពលរដ្ឋនា ពេលនេះ។ ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសន្តិភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស ជូនប្រជាពលរដ្ឋ ទុកជូនកូនចៅរបស់យើង ឱ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។
គួរបញ្ជាក់ដែរថា សម្រាប់ខេត្តកណ្តាល ក្នុងរយៈពេលកន្លងទៅនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មានចំនួន ១៩លើកមកហើយ សរុបមានប្រជាពលរដ្ឋចូលរួម ៩៤,១២៤នាក់៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល