logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
37
30-Mar-2023
Sub-nation news
Link

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រសួងមហាផ្ទៃ បានជម្រុញចលនាអនុវត្តតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយបានធ្វើឱ្យបរិយាកាសសន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួម និយាយដោយឡែក ខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំងបានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក កបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដែលមានស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ បានអនុវត្តគោលនយោបាយទាំង ០៧ចំណុចនេះ ដោយជំរុញដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុក-ក្រុង និងកងកម្លាំងនគរបាល សហការជាមួយកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងនិរន្តរភាពរដ្ឋបាលទូទាំងខេត្តកំពង់ចាម ឱ្យបានល្អប្រសើរ។

ជាកិច្ចបន្ទាប់ ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស បានមានប្រសាសន៍លើកឡើងថា យោងតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានកំណត់យកគោលការណ៍កសាង ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីជំរុញ និងលើកកម្ពស់ចលនាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅគ្រប់ពេល និងគ្រប់ច្រកល្ហកនៅទូទាំងប្រទេស។ យ៉ាងណាមិញក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយជាអាទិភាព សំដៅលើកកម្ពស់ការចូលរួមពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរនៅគ្រប់ ភូមិ-ឃុំ-សង្កាត់ ទូទាំងប្រទេស។

ឯកឧត្តមសន្តិបណ្ឌិត បានបន្តថា ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខាងនយោបាយដ៏មោះមុត របស់រាជរដ្ឋាភិបាល សម្រាប់រយៈពេលពីមធ្យមទៅរយៈពេលវែង និងជាផែនទីបង្ហាញផ្លូវក្នុងការបំផុសចលនាឱ្យមានការចូលរួមក្នុងការប្រយុទ្ធប្រឆាំងដាច់ខាតនូវរាល់សកម្មភាព ដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេស ការជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស អំពើលួចឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម។ ជាមួយគ្នានេះ ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព។ ហើយរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវរៀបចំ និងបញ្ចូលសកម្មភាព និងថវិកានៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព ជាពិសេស សកម្មភាពនានាដែលពាក់ព័ន្ធនឹងលក្ខណសម្បត្តិទាំង៧ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធានាថាសកម្មភាពទាំងនេះមានថវិកាគ្រប់គ្រាន់សម្រាប់ការអនុវត្ត។ ជាមួយនោះ រដ្ឋបាលខេត្ត និងក្រុង ស្រុក ត្រូវសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំចលនាប្រឡងប្រណាំងបង្កើតស្នាដៃ ក្នុងការអនុវត្តលក្ខណសម្បត្តិនានានគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior