ព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយករណី-ការទន្ទ្រានកាន់កាប់ និងប្រើប្រាស់ដីដោយខុសច្បាប់របស់ប្រជាពលរដ្ឋលើដីរបស់ក្រុមហ៊ុន ឯកជនមួយស្ថិតនៅក្នុងស្រុកសំបូរ និងក្រុមហ៊ុនឯកជនមួយទៀតស្ថិតនៅក្នុងឃុំអូរគ្រៀង ឃុំរលួសមានជ័យ និងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ-អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងតំណាងក្រុមហ៊ុនវិនិយោគ ។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានមានប្រសាសន៍គូសបញ្ជាកថា ៖ ការងារដីធ្លីខាងនេះ គឺជាបន្ទុករបស់អាជ្ញាធរភូមិឃុំ ក្នុងការពិនិត្យតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់មូលដ្ឋាន ហើយរាល់បញ្ហាកើតមានត្រូវធ្វើការគ្រប់គ្រងដោះស្រាយ និងរាយការណ៍មកថ្នាក់លើ ឲ្យបានជ្រាបនិងដើម្បីរកវិធីដោះស្រាយជូន ក្នុងករណីលើសដែនសមត្ថភាពរបស់ខ្លួន ជៀសវាងការទុកឲ្យបញ្ហា និងសំណូមពរ ក៏ដូចជាទំនាស់នៅមូលដ្ឋានទុកឲ្យទុំជោរ ដោះស្រាយលែងបាន ទើបរាយការណ៍និងសុំជំនួយអន្តរាគមន៍ ។
ឯកឧត្តមបន្តថានៅរយៈពេលខាងមុខនេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម នឹងចុះមកពិនិត្យអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនដែលទទួលបានសម្បាទានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ហើយបាននឹងកំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ថាតើក្រុមហ៊ុនទាំងអស់នោះបានធ្វើការដាំដុះនិងអភិវឌ្ឍន៍លើដីដែលទទួលបានសិទ្ធិវិនិយោគបានប៉ុន្មានភាគរយហើយ ដើម្បីជាធាតុចូលរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។
ហើយចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធិត្រូវរៀបចំផែនការនៃការដាំដុះអភិវឌ្ឍន៍របស់ខ្លួន និងរៀបចំចងក្រងច្បាប់កំណត់ព្រំដីរបស់ខ្លួនឲ្យបានច្បាស់ ដើម្បជៀសវាងការរំលោភចូលកាប់ទន្រ្ទាន និងស្នាក់អាស្រ័យផលពីបងប្អូនប្រជាពលរដ្ឋ ស្របពេលដែលក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា និងទីតាំងមួយចំនួន ដេលក្រុមហ៊ុនមិនទាន់ធ្វើការដាំដុះ ។
ក្នុងនោះដែរឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ក៏បានជម្រុញស្នើសុំដល់ក្រុមការងារចម្រុះ ត្រូវរៀបចំពេលវេលា ដើម្បីចុះទៅដល់ទីតាំងមូលដ្ឋានផ្ទាល់ដើម្បីពិនិត្យ និងសម្របសម្រួលស្រាវជ្រាវជាក់ស្តែងទៅលើសំណុំរឿងទាំងនេះ ដើម្បីចាត់វិធានការនីតិវិធីច្បាប់ -ក្រុមហ៊ុនត្រូវគោរពនិងអនុវត្តទៅតាមកិច្ចសន្យារបស់ខ្លួន និងត្រូវចុះពិនិត្យទីតាំងដីអនុតំបន់នីមួយៗដែលពុំទាន់បានធ្វើការដាំដុះ ដើម្បីបង្ការការចូលស្នាក់អាស្រ័យផល និងទន្រ្ទានយកដីពីសំណាក់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការងារគ្រប់គ្រងដីនេះឲ្យបានច្បាស់ -ត្រូវពង្រឹងការណែនាំដល់សន្តិសុខយាមដីកុំឲ្យចាញ់បោកមេខ្យល់ បើកដៃឲ្យប្រជាពលរដ្ឋចូលកាប់និងស្នាក់នៅ -ក្រុមហ៊ុនត្រូវបោះបង្គោលព្រំការពារតំបន់ដីដែលប្រឈមការទន្រ្ទាន-មន្ទីរកសិកម្ម ត្រូវពិនិត្យឡើងវិញអំពីការស្នើសុំឈូសឆាយដីព្រៃរបស់ក្រុមហ៊ុន -សុំឲ្យមេឃុំចុះស្រង់ចំនួន និងប្រវត្តិប្រជាពលរដ្ឋដែលចូលកាប់ដីក្រុមហ៊ុន និងស្រង់ចំនួនដីដែលប្រជាពលរដ្ឋបាននឹងកំពុងកាន់កាប់ទន្រ្ទាន-ក្រុមការងារខេត្តស្រុក-ឃុំ ត្រូវធ្វើការពិនិត្យនិងណែនាំភូមិអំពីការទប់ស្កាត់នៃការបោះត្រាលើឯកសារស្នើរសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋ ហើយស្រុកត្រូវធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យបានដឹង និងដើម្បីឲ្យបងប្អូនមកដាក់ពាក្យស្នើសុំដីទៅតាមនីតិវិធី ៕
ប្រភព៖រដ្ឋបាលខេត្តក្រចេះ