logo
Header Logo
News Detail
thumbnail
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបប្រជុំជាមួយលោកជំទាវ ឱ វណ្ណឌីន សំដៅជំរុញដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់
44
13-Jan-2022
Sub-nation news
Link

(ពោធិ៍សាត់)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានជួបប្រជុំជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត។

ថ្លែងក្នងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងអំពីបច្ចុប្បន្នភាព នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ពិសេសប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ដែលបានឆ្លងចូលសហគមន៍ទៅហើយនោះ។ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា បេសកកម្មចម្បងរបស់លោកស្រី ជាមួយក្រុមការងារគណៈកម្មការចំពោះកិច្ច សំដៅជំរុញដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ និងដូសទី៤ជាដើម បន្ទាប់ពីមានការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

ត្រង់ចំណុចដូសទី៣ ឬដូសជំរុញនេះ លោកជំទាវ ឱ វណ្ណឌីន បានណែនាំឲ្យក្រុមគ្រូពេទ្យត្រូវស្ពាយវ៉ាក់សាំងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋតែម្ដង សម្ដៅធ្វើយ៉ាងណាជំរុញការងារចាក់ដូសទី៣នេះ ជូនប្រជាពលរដ្ឋដែលបានចាក់គ្រប់ដូសមូលដ្ឋានឲ្យបានគ្រប់ៗគ្នា នៅពេលដល់វេលាកំណត់។ លោកជំទាវបានអំពាវនាវ ក៏ដូចជាជំរុញដល់រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវតែខិតខំប្រឹងប្រែជំរុញដល់ដំណើរការចាក់វ៉ាក់សាំងនេះ ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងប្រព័ន្ធការពារក្នុងសារពាង្គកាយរបស់បុគ្គលម្នាក់ៗ យកឈ្នះលើជំងឺកូវីដ១៩ តាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋបាលខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលបានការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ខេត្តក៏កំពុងតែដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមផែនការ ទាំងដូសមូលដ្ឋាន និងដូសជំរុញផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វ៉ាក់សាំងដែលទទួលបានសរុប ៩៤២,៨៧២ដូស ក្នុងនោះមាន៖ ស៊ីណូហ្វាម (Sinopharm) មានចំនួន៩៦,១០០ដូស, ស៊ីណូវ៉ាក់ (Sinovac) (៦ ដល់ក្រោម១២ឆ្នាំ) មានចំនួន១១៥,៤១៦ដូស, ស៊ីណូវ៉ាក់ (Sinovac) (១២ ដល់ក្រោម១៨ឆ្នាំ) មានចំនួន១៣១,០៣០ដូស, ស៊ីណូវ៉ាក់ (Sinovac) (១៨ឆ្នាំឡើង) មានចំនួន៤២១,៥០៦ដូស, ចនសុនចនសុន មានចំនួន១១១,៣០០ដូស, អាស្ត្រាហ្សែនីកា (AstraZeneca) (JP)-3rd dose មានចំនួន ៣៧,៥២០ដូស។

ឯកឧត្តម ជាវ តាយ បានបន្ថែមថា ប្រជាជនដែលត្រូវទទួលវ៉ាក់សាំងសរុប៖ ៤៤០,៤៧៤នាក់ ក្នុងនោះ អាយុ០៥ឆ្នាំ មានចំនួន១០,០៣៧នាក់, អាយុ០៦ ដល់ក្រោម១២ឆ្នាំ ចំនួន៥៧,៨០៦នាក់, អាយុ១២ ដល់ក្រោម១៨ឆ្នាំ ចំនួន៧៣,៩៧៧នាក់ និងអាយុ១៨ឆ្នាំឡើង ចំនួន២៩៨,៦៥៤នាក់។ ខណៈលទ្ធផល នៃការផ្តល់វ៉ាក់សាំងដែលសម្រេចបាន អាយុ០៥ឆ្នាំ ចំនួន៩,៧៧០នាក់ ស្មើនឹង៩៧.៣៤%, អាយុ០៦ ដល់ក្រោម១២ឆ្នាំ មានចំនួន៦៤,៧៨៨នាក់ ស្មើនឹង១១២.០៨%, អាយុ១២ ដល់ក្រោម១៨ឆ្នាំ មានចំនួន៥៩.៦៧៦នាក់ ស្មើនឹង៨០,៦៧% និងអាយុ១៨ឆ្នាំឡើង មានចំនួន២៨៤,៣៧៧នាក់ ស្មើនឹង៩៥.២២%។ សរុបទាំងបួនក្រុមគោលដៅមានចំនួន ៤១៨,៦១១នាក់ ស្មើនឹង៩៥.០៤%។

ដោយឡែកលទ្ធផល នៃការផ្តល់វ៉ាក់សាំងដូសជំរុញ អាយុ១២ ដល់ក្រោម១៨ឆ្នាំ មានចំនួន១,៦៣០នាក់, អាយុ១៨ឆ្នាំឡើង មានចំនួន៤៦,៦៦៨នាក់ ស្មើនឹង១៦.៦៣%។ សរុបទាំងពីរក្រុមគោលដៅ ស្មើនឹង២.២០% មានចំនួន ៤៨,២៩៨នាក់ ស្មើនឹង១៤.០៤%។

ឯកឧត្តមអភិបាលខេត្ដ បានអះអាងថា លទ្ធផល នៃការសម្រេចបានទាំងនេះ គឺក្រោមការដាក់ចេញនូវផែនការ និងចង្អុលការយ៉ាងខ្ពង់ខ្ពស់ និងច្បាស់លាស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធជាពិសេសការដាក់ចេញយុទ្ធសាស្ដ្រដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបធ្វើឲ្យកិច្ចការដឹកនាំគ្រប់គ្រង ទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានអនុវត្ត និងអន្ដរាគមន៍បានទាន់ពេល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងតាមលក្ខណៈបច្ចេកទេស៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior