

កែប ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានជំរុញដល់កងកម្លាំងនគរបាល ត្រូវបន្ដខិតខំអភិវឌ្ឍ និងពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល និងការដកស្រង់បទពិសោធល្អៗ ដើម្បីយកជាមូលដ្ឋានក្នុងការបំពេញការងារ។
ការជំរុញរបស់ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែកញ្ញា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តកែប នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីស្នងការរងទាំងអស់ នាយ-នាយរងការិយាល័យជំនាញ អធិការ-អធិការរងនគរបាលក្រុង ស្រុកទាំងពីរ ប្រធានក្រុមការងារនគរបាលខេត្តចុះប្រចាំការគ្រប់គោលដៅ ប្រធានក្រុមទាំង៦ នៃកងអនុសេនាតូចទាំង២កង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ សង្កាត់ និងនាយ-នាយរងផ្នែកពាក់ព័ន្ធសរុបចំនួន ១៤៥នាក់។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានជំរុញដល់កងកម្លាំងនគរបាលត្រូវ បន្ដខិតខំអភិវឌ្ឍ និងពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល និងការដកស្រង់បទពិសោធល្អៗ ដើម្បីយកជាមូលដ្ឋានក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងកោតសរសើរដល់កងកម្លាំងនគរបាលគ្រប់ជំនាញចំពោះសមិទ្ធផលការងារដែលបានរួមគ្នាខិតខំបំពេញភារកិច្ចសម្រេចបានកន្លងមក។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ ស្នងការ បាននាំយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយដល់អង្គប្រជុំ និងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនរួមមាន៖
-បន្តគ្រប់គ្រងនិងក្តាប់ សភាពការណ៍ការងារសន្តិសុខឱ្យបានម៉ឺងម៉ាត់ ចំពោះមុខសញ្ញាប៉ុនប៉ងបង្កចលាចលសង្គម មុខសញ្ញាទើបចេញពីពន្ធនាគារ មុខសញ្ញាមានដីកា និងមុខសញ្ញាលួច ឆក់ប្លន់ ក្មេងទំនើង គ្រឿងញៀន ជួញដូរមនុស្ស ត្រូវដាក់ចេញវិធានការបង្ការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពខ្ពស់។
-ពង្រឹងការស្រាវជ្រាវទីតាំងស្នាក់នៅរបស់ជនបរទេសលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយចុះធ្វើរដ្ឋបាលចំហរ និងចុះធ្វើបច្ចុប្បន្នភាពការស្នាក់នៅរបស់ជនបរទេសគ្រប់មូលដ្ឋានគ្រប់គ្រង។
-ពង្រឹងការងារចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅក្នុងមូលដ្ឋានឱ្យបានផុលផុសជាប្រចាំ។
-ជម្រុញលើវិធានការរឹតបន្តឹង និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់អ្នកប្រើប្រាស់ផ្លូវ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណ: និងរក្សាបាននូវសុវត្ថិភាពលើដងផ្លូវ ព្រមទាំងបន្ដដោះស្រាយសម្រួលចរាចរណ៍ នៅតាមគោលដៅ ដែលប្រឈមកកស្ទះចរាចរណ៍ និងនៅតាមសាលារៀន។
-ពង្រឹងលើការងារផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលតាមអ្វីដែលអាចធ្វើទៅបាន។
-ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ និងពង្រឹងវេនប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោង/២៤ម៉ោង ដើម្បីទ្រោលសភាពការណ៍បទល្មើស និងគ្រោះថ្នាក់ផ្សេងៗ ឱ្យបានទាន់ពេល ទាន់វេលា៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកែប








