ខេត្តស្ទឹងត្រែង៖នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមានជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក)។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម សរ សុពុត្រា និងឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ) ក្នុងភូមិ សាស្ត្រស្រុកបូរីអូរស្វាយសែនជ័យ និងសួរសុខទុក្ខបណ្តាកងឯកភាពជួរមុខ នៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលកំពុងឈរជើងការពារព្រំដែនទឹក (គោលដៅក្បាលកោះបន្ទាយ ក្បាលកោះឈើទាលធំ ក្បាលកោះល្ង អន្លង់ផ្សោត (បង្គោលលេខ០៣០) និងបង្គោលលេខ០២៩ (ខ្សែព្រំដែនទឹកជាប់ខេត្តព្រះវិហារ)។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អាណត្តិទី៧នេះ បាននាំប្រទេសជាតិនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សម្តេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនិងកងកម្លាំងយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាពិសេសការចុះជួបសំណេះ សំណាលពីថ្នាក់ដឹកនាំខេត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់ចង់ដឹងសុខទុក្ខកងកម្លាំងផងដែរ។
ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើង ការពារខ្សែបន្ទាត់ព្រំដែនជាការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឱ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព និងកងកំលាំងនគរបាល ដែលកំពុងឈរជើងការពារបូរណាភាពទឹកដីនាពេលនេះ។ អភិបាលខេត្ត បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនរបស់កងកំលាំងយើង។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ ជំរុញ និងលើកទឹកចិត្ត ដល់សមត្ថកិច្ចគ្រប់គ្រងព្រំដែន ពិសេសកម្លាំងកងទ័ពនិងកំលាំងនរគបាលការពារព្រំដែន ត្រូវធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងព្រំដែនឱ្យមានប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្តិការណ៍ ជាមួយសមត្ថកិច្ច ប្រទេសជិតខាង ការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់ផងដែរ ដើម្បីឱ្យក្លាយជាព្រំដែនអភិវឌ្ឍ និងព្រំដែនមិត្តភាព។
ឯកឧត្តមបានលើកឡើងទៀតថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង