logo
Header Logo
News Detail
thumbnail
សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!
4K
06-Sep-2026
National news
Link

" ខ្ញុំសូមបញ្ជាក់ពីឆន្ទៈ សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលនៃយើង គឺផ្អាកមិនឱ្យដំណើរការ ហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ"។ នេះជាប្រសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងនាឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ កែ សួនសុភី សសុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ១ខ្សែ ប្រវែង ៥.០០០ម៉ែត្រ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។


បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺដើម្បីពង្រឹងបន្ថែមទៀតនូវវិធានការបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរសាច់ប្រាក់គ្មានប្រភពច្បាស់លាស់ ដោយបានបន្ថែមទៀតថា"យើងស្រាវជ្រាវចុងក្រោយ ល្បែងចាក់តាមអនឡាញដែលផ្សាយផ្ទាល់ចេញពីកាស៊ីណូនេះ ហើយប្រាក់នេះយើងពិបាកគ្រប់គ្រង ដូច្នេះខែតុលាតទៅ គឺផ្អាកសិន"។


ប្រមុខក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា ក្នុងចន្លោះពេលនៃការផ្អាកនេះ សម្ដេចមហាបវរធិបតី បានណែនាំឱ្យ ក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ចាប់ផ្ដើមកសាង និងពង្រឹងវិធានការគ្រប់គ្រងល្បែងប្រភេទនេះឱ្យបានច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសមូលធនមនុស្សមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ មុននឹងពិចារណាសម្រេចអនុញ្ញាតឡើងវិញ។ ឯកឧត្តមសង្កត់ធ្ងន់ថា ពីខែតុលាទៅ បើមានកាស៊ីណូណាល្មើស គោលការណ៍នេះ នឹងប្រឈមការដកអាជ្ញាបណ្ណ និងវិធានការច្បាប់ផ្សេងទៀត។


គួរកត់សម្គាល់ថា ក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានប្រែក្លាយការប្ដេជ្ញាចិត្ត ទៅជាលទ្ធផលយ៉ាងជាក់ស្ដែង ក្នុងបេសកកម្មបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មេក្លោង និងអ្នកពាក់ព័ន្ធទាំងជនបរទេស និងខ្មែរ ជាច្រើននាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ និងទៅអនុវត្តនីតិវិធីច្បាប់នៅប្រទេសសាមី ខណៈជនបរទេសប្រមាណជាង៤សែននាក់ត្រូវបានបណ្ដេញចេញ និងចេញដោយស្ម័គ្រចិត្តពីប្រទេសកម្ពុជា។ 


ជាក់ស្ដែង វិធានការច្បាប់ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន៤ ទាក់ទិនជនសង្ស័យ ១៥នាក់ រួមមាន ព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ បើគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស ចំនួនជាង ២២.០០០នាក់ មកពី៣៨សញ្ជាតិ។ 


ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿង ចំនួន៤០៨ករណីទៅតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣.៤៧៧នាក់ រួមមាន មេខ្លោងនិងគូកន មកពី២៩សញ្ជាតិ។ រាជរដ្ឋាភិបាលទើបបានប្រកាសជាឱឡារិកប្រាប់អង្គទូត និងសហគមន៍អន្តរជាតិថាគ្មានទៀតឡើយសំបុកពួកឆបោកខ្នាតធំ ប៉ុន្តែកម្ពុជាទទួលស្គាល់ថា នៅមានសេសសល់ពួកចៃអនឡាញដែលរត់ទៅសំងំលួចលាក់ប្រព្រឹត្តជាទ្រង់ទ្រាយតូច ខ្លះតាមរថយន្ត ខ្លះតាមផ្ទះអ្នកភូមិ ឬហាងកាហ្វេ ដែលទីបំផុតត្រូវសមត្ថកិច្ចក្របួចដាក់ខ្នោះបានបន្តបន្ទាប់។


ក្នុងយុទ្ធនាការបោសសម្អាតនេះដែរ សមត្ថកិច្ចកម្ពុជា ក៏បានអនុវត្តវិធានការច្បាប់ដើម្បីបង្ក្រាបកាស៊ីណូចំនួន២៧ ក្នុងនោះ ដកហូតអាជ្ញាបណ្ណ ១៨កាស៊ីណូ និង ព្យួរអាជ្ញាបណ្ណ ៩កាស៊ីណូ។ បើគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន៦២៤ទីតាំង និងបានបង្រ្កាបរំលាយមណ្ឌលឆបោក ៨៦ទីតាំង។ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។ 


ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាបន្តបន្ទាប់ បណ្ដាអង្គទូត និងប្រតិភូបរទេស ជាអាទិ៍ ស្ថានទូតអាម៉េរិក ចិន ជប៉ុន កូរ៉េ ប្រេស៊ីល ឥណ្ឌូនេស៊ី ឡាវ និងបណ្ដាអង្គការអន្តរជាតិចំណុះអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សុទ្ធតែបានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះលទ្ធផលបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ព្រោះតែលទ្ធផលជាក់ស្ដែងនេះ បណ្ដាប្រទេស និងអង្គការអន្តរជាតិទាំងនោះ បានបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធានាថា ពួកឧក្រិដ្ឋជននឹងមិនអាចមានលទ្ធភាពវិលមកកាច់សំបុកឡើងវិញ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior