ខេត្តបាត់ដំបង៖ ដោយផ្អែកតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ចំពោះគ្រោះអគ្គិភ័យ ដែល កើតមាន តាមមូលដ្ឋាននារយៈពេលចុងក្រោយគួរឱ្យបារម្ភនេះ និងអនុវត្តតាមយោបល់ដឹកនាំ ណែនាំជាប្រចាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាពេលថ្មីៗនេះលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលស្រុក រួមសហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ីជាមេបញ្ជាការ កម្លាំងផ្នែកសឹករងស្រុករួមទាំងប្រជាការពារផង បានរួមគ្នា ហ្វឹកហាត់អំពីរបៀប អន្តរាគមន៍ក្នុងពេលមានគ្រោះអគ្គិភ័យនៅមូលដ្ឋាន ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ។
ក្នុងពិធីហ្វឹកហាត់នេះ អ្នកចូលរួម បានទទួលនូវការបណ្តុះបណ្តាលអំពីវិធានការមួយចំនួនទៀត ក្នុងពេលចេញអន្តរាគមន៍ ពន្លត់អគ្គិភ័យ ហើយសំខាន់គឺការបន្តផ្សព្វផ្សាយនូវវិធានការបង្ការ ជាមុននូវគ្រោះអគ្គិភ័យនេះ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបមុខរបរ ដែលមានហានិភ័យខ្ពស់ចំពោះគ្រោះអគ្គិភ័យ។
ក្រៅពីអធិការដ្ឋាននគរបាលស្រុកសំពៅលូន មន្រ្តីនគរបាលនៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុក ផ្សេងទៀត និងខិតខំផ្សព្វផ្សាយអំពីវិធានការបង្ការ ករណីនេះ បានផុលផុស ទៅក្នុងមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាកាត់បន្ថយបាននូវគ្រោះអគ្គិភ័យនេះ បានមួយចំណែកធំ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង