logo
Header Logo
News Detail
thumbnail
ប្រព័ន្ធ Cambodia e-arrival មានអ្នកចូលប្រើជាង៤សែននាក់ និងអ្នកទាញយកកម្មវិធីជាង២សែននាក់
757
30-Sep-2024
National news
Link

បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើមបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ទទួលបានការចូលទៅប្រើប្រាស់ពីសាធារណជនជាង៤សែន២ម៉ឺននាក់ហើយ បើគិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤មកដែរ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង៤សែននាក់ ក៏មានអ្នកទាញយក កម្មវិធី Cambodia e-arrival ជាង២សែន២ម៉ឺននាក់ទៀតដែរ ដោយការទាញយកកម្មវិធីដ៏ទំនើបនេះ មានទាំងតាមប្រព័ន្ធAndroid ប្រព័ន្ធiOS ប្រព័ន្ធHuawei និងប្រព័ន្ធWebsite។ 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។ 


ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។ 


សាធារណជន ឬ អ្នកដំណើរជាតិ និងអន្តរជាតិ អាចចូលបំពេញបាន៧ថ្ងៃមុនថ្ងៃចេញដំណើរ អាចប្រើបាន៧ភាសា អាចបំពេញ២ទម្រង់ គឺតាមរយៈ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.gov.kh/tech_application_suite ក្រសួងមហាផ្ទៃ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តលើកឡើងថា ពេលនេះក្រសួងមហាផ្ទៃបាននឹងកំពុងដាក់ឱ្យដំណើរការ Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ មុននឹងបន្តអនុវត្តតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀតនាពេលខាងមុខ៕ 


ប្រភព៖​ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior