ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសផ្សព្វផ្សាយអនុក្រឹត្យពាក់ព័ន្ធការសុំច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ត្រីនគរបាលជាតិ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងរបស់ជាតិ មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋាន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់។ ឯកឧត្តអភិសន្តិបណ្ឌិត ក៏បានណែនាំទៅកាន់ប្រធានអង្គភាពនគរបាលទាំងអស់ពន្លឿនការផ្សព្វផ្សាយអនុក្រឹត្យនេះបន្តទៅកាន់មន្រ្តីក្រោមឱវាទឱ្យបានយល់ដឹងច្បាស់ និងត្រូវធានាថា អនុក្រឹត្យនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកអនុក្រឹត្យនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសលើការពង្រឹងគុណភាពធនធានមនុស្ស និងសម្រាប់ក្រសួងមហាផ្ទៃផ្ទាល់ ក្នុងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានរំលឹកជាថ្មីទៀត ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ បន្តពង្រឹងវត្តមានបំពេញការងារ អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីធានាផ្ដល់សេវារដ្ឋបាល និងសន្តិសុខ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព។
ក្នុងចំណោមអនុសាសន៍សំខាន់ៗជាច្រើនទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអគ្គនាយកដ្ឋានធនធានមនុស្សពន្លឿនការប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងប្រកាសស្តីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ឱ្យបានមុនដាច់ឆ្នាំ២០២៤។ ដោយឡែក បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលខ្លឹមសារអនុក្រឹត្យនេះទៅក្នុងកម្មវិធីសិក្សាឬរៀបចំជាបទបាឋកថា ដើម្បីឱ្យនិស្សិត សិក្ខាកាម និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ បានយល់ដឹងអំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ។
សូមបញ្ជាក់ថា អនុក្រឹត្យពាក់ព័ន្ធការសុំច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ត្រីនគរបាលជាតិមាន៨ជំពូក និង២១មាត្រា និងមានគោលបំណងកំណត់ឱ្យបានច្បាស់អំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា និងធានានូវនិរន្តរភាពការងារ ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ។
យោងតាមខ្លឹមសារនៃអនុក្រឹត្យនេះ មន្រ្តីនគរបាលជាតិកម្ពុជាដែលបានតាំងស៊ុបក្នុងក្របខ័ណ្ឌ មានសិទ្ធិទទួលបានច្បាប់ឈប់សម្រាកចំនួន១៥ថ្ងៃ នៃថ្ងៃធ្វើការក្នុងមួយឆ្នាំ ដោយអាចស្នើសុំមួយលើក ឬច្រើនលើក ខណៈមន្រ្តីនគរបាលជាតិជាស្រ្តី ត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ។ អនុក្រឹតនេះ ក៏បានចែងអំពីលក្ខខណ្ឌនៃការសុំច្បាប់ឈប់រយៈពេលខ្លី ច្បាប់ឈប់សម្រាកព្យាបាលជំងឺរ៉ាំរ៉ៃ និងច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន។
ក្រៅពីនេះ អនុក្រឹត្យក៏បានកំណត់អំពីលក្ខខណ្ឌអនុញ្ញាតឱ្យចេញធ្វើការមុនឬក្រោយម៉ោង មិនលើសពីមួយម៉ោង ចំពោះមន្រ្តីនគរបាលជាតិដែលមានជនចាស់ជរា ឬជនមានស្មារតីវិបល្លាស ឬជនមានពិការភាពអចិន្ត្រៃយ៍ក្នុងបន្ទុក មន្រ្តីនគរបាលជាតិជាស្រ្តីដែលមានផ្ទៃពោះ មានកូនអាយុក្រោម១ឆ្នាំ មន្រ្តីដែលមានជំងឺរ៉ាំរ៉ៃដែលមានការបញ្ជាក់ពីគ្រូពេទ្យ ដោយមន្រ្តីនោះត្រូវមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ព្រមទាំងមន្រ្តីដែលទទួលការបណ្ដុះបណ្ដាលបន្ថែមក្រៅម៉ោងធ្វើការ៕
ដោយ: អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ