logo
Header Logo
News Detail
thumbnail
ស្វែងយល់ពីដីចំណីផ្លូវ និងលម្អិតពីទោសនៃការរំលោភចំណីផ្លូវ មានទាំងពិន័យប្រាក់ និងជាប់ពន្ធនាគារ
2K
28-Jan-2025
National news
Link

នេះបើតាមច្បាប់ស្ដីពី «ផ្លូវថ្នល់» ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ដីចំណីផ្លូវថ្នល់ សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណី ផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាព ចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ផ្អែកតាមច្បាប់ដដែល ទោសទណ្ឌនៃការរំលោភចំណីផ្លូវសាធារណៈមានដូចខាងក្រោម បានចែងជាអាទិ៍ មាត្រា ៦៤ ជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដី នៅសល់ នៃដីចំណីផ្លូវដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជា ប្រាក់ចំនួន ៥០០ ០០០ (ប្រាំសែន) រៀល។ 


ចំណែក មាត្រា ៦៦ ជនណាដែលធ្វើនូវការ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អាគារ រោងចក្រសហគ្រាសឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យ អន្តរការណ៍ជាប្រាក់ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀល។ ករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។ 


មាត្រា៧០ ជនណាដែល ១- រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០០ ០០០ (មួយសែន) រៀល។ ២- រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់គ្មានឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ ក្រោមជាតិ និងបណ្តាលឱ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់ ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឱ្យធ្វើការ ជួសជុលឡើងវិញឱ្យដូចស្ថានភាពដើម និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១៩ (បទធ្វើឱ្យខូចខាត ផ្សេងទៀត ដោយខ្វះការប្រុងប្រយ័ត្ន ឬការមិនគោរពបទបញ្ជា) នៃក្រមព្រហ្មទណ្ឌ។


មាត្រា ៧១ ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវ សំណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែទៅ១ ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល។ 


មាត្រា ៧២ ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោយមិនបានគោរពតាមចំណុចទី១ និងចំណុចទី២ នៃមាត្រា ៣០ នៃច្បាប់នេះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែទៅ២ ឆ្នាំ និងពិន័យ ជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល។ 


មាត្រា ៧៤ ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែ ទៅ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល។ 


សូមបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនតែងតែធ្វើតាមៗគ្នា ឬតៗគ្នាដូចជា លក់ដូរ សង់យាប សំណង់រឹងនៅលើចិញ្ចើមផ្លូវ ទន្ទឹមគ្នានោះដែរ ក៏មានប្រជាជនមួយចំនួនយកចិញ្ចើមផ្លូវអាជីវកម្មជាជំនាន់ សម្រាប់ធ្វើអាជីវកម្ម អាហារដ្ឋានរបស់ខ្លួនឯង ដែលទង្វើនេះបានបំពានច្បាប់ស្ដីពីផ្លូវថ្នល់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីនេះ បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ រឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍៕ 


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior