

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តដឹកនាំដោយ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ដឹកនាំឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដែលមានសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុកទាំង៦ និងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
នាឱកាសនោះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងកោតសរសើរដល់ ឯកឧត្តម សរ សុពុត្រា បានដឹកនាំគ្រប់មន្ទីរអង្គភាព រៀបចំ ស្ទឹងត្រែង សង្រ្កាន្ត យ៉ាងល្អប្រសើរ មានភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្តសប្បាយ អធិកអធម រយៈពេល៣ថ្ងៃ រហូតដល់ជាង២៦ម៉ឺននាក់ នៅខេត្តស្ទឹងត្រែង។ នៅក្នុងកិច្ចប្រជុំដដែលនោះ ឯកឧត្តម ឈាង ឡាក់ បានផ្តោតសំខាន់ដល់សុខភាពរបស់ប្រជាជននៅតាមមូលដ្ឋានឆ្ងាយៗ ជាពិសេសស្រ្តីមានផ្ទៃពោះបានស្វែងរកសេវាសំរាលកូនជាមួយឆ្មបបុរាណ មិនមានជំនាញច្បាស់លាស់ធ្វើឱ្យគ្រោះថ្នាក់រវាងម្តាយ និងទារក ស្របពេលឆ្មប នៅមណ្ឌលសុខភាពនោះ មានតែ១នាក់ មិនអាចបំពេញតម្រូវការ សេវាសំរាលកូលបានគ្រប់គ្រាន់នោះទេ ខណៈមណ្ឌលសុខភាពមួយចំនួនទៀត មានឆ្មបរហូតដល់ទៅ៧នាក់ បែជាឆ្មបនៅមូលដ្ឋានឆ្ងាយមានតែ១នាក់ប៉ុណ្ណោះ។
ឯកឧត្តមបានថ្លែងថា៖ ទាក់ទងទៅនិងពេទ្យឆ្មប ដែលកន្លងមកបានធ្វើការណែនាំដល់មន្ទីរសុខាភិបាល ឱ្យមានកាបណ្តុះបណ្តាលដល់ឆ្មបបុរាណ ក្នុងករណីស្រ្តីដែលត្រូវសំរាលកូន មិនបានយល់ និងស្វែងរកសេវាសុខភាព។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានស្នើដល់មន្ទីរសុខាភិបាលធ្វើការបែងចែក មន្រ្តីទៅតាមមណ្ឌលសុខភាពនីមួយៗ ឱ្យបានសមស្របដើម្បីបំពេញតម្រូវការក្នុងការបំរើសេវាសុខភាពជូនប្រជាជននៅគ្រប់មូលដ្ឋាននៅខេត្តស្ទឹងត្រែង។ នៅកិច្ចប្រជុំនេះផងដែរ ក្រុមប្រឹក្សាខេត្តបានពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១១ សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតសមាសភាពគណៈកម្មការរៀបចំគម្រោងថ្នាក់ខេត្ត សេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញក្នុងរយៈពេល១២ខែ ក្នុងឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកការផ្តល់សេវារដ្ឋបាលសម្រាប់បុគ្គលិកមន្រ្តីប្រចាំខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម ឈាង ឡាក់ ក្នុងនាមក្រុមប្រឹក្សាខេត្តបានកត់សំគាល់ថា៖ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តប្រាជ្ញា ទាំងកិច្ចការរដ្ឋបាល រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត និងធ្វើការអភិវឌ្ឍបានលឿននិងរហ័ស៕
ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង











