

កំពត៖ អភិបាលខេត្តកំពត បានជំរុញដល់មន្ត្រីរាជការក្នុងខេត្តទាំងអស់ ត្រូវពន្លូតចំណេះដឹង និងពង្រឹងសមត្ថភាពការងារ ពង្រឹងការដឹកនាំឱ្យមានគុណភាព ដើម្បីទទួលបានការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងបន្តផ្តល់តួនាទីភារកិច្ចក្នុងការបំពេញការងារ។ ទន្ទឹមនឹងនោះការទទួលបានមុខតំណែងតួនាទីនាពេលនេះគឺមានតម្លៃស្ថិតលើក្រដាស់តែប៉ុណ្ណោះ តែតម្លៃនៃតួនាទីពិតប្រាកដគឺស្ថិតនៅលើការអនុវត្តជាក់ស្តែងក្រោយទទួលបាន។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង-ស្រុក នៃខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ បូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើតឱ្យបាននូវមូលធនមនុស្សដែលមានគុណភាពដើម្បីរួមចំណែក្នុងការអភិវឌ្ឍសង្គមជាតិ។ ហើយក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលវិស័យអាទិភាពទី១នោះគឺការអភិវឌ្ឍមូលធនមនុស្ស ដែលក្នុងនាមយើងជាមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹង ពន្លូត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើរតាមបរិបទសង្គមបច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាល់ចំណាត់តាំងតួនាទី និងការផ្តល់មុខតំណែងសម្រាប់មន្ត្រីរាជការ ដើម្បីទទួលភារៈក្នុងការចូលរួមដឹកនាំមន្ទីរ-អង្គភាពនាពេលនេះ គឺគ្រាន់តែជាតំណែងស្ថិតនៅលើក្រដាសមួយសន្លឹកតែប៉ុណ្ណោះ តែអ្វីដែលយើងត្រូវធ្វើឱ្យក្រដាស់មួយសន្លឹកនេះមានតម្លៃនោះ គឺការដឹកនាំ អនុវត្តតួនាទីភារកិច្ច ដោយប្រើ សមត្ថភាព គុណធម៌ ចរិតធ្វើជាគំរូដ៏ល្អសម្រាប់ថ្នាក់ក្រោមរបស់ខ្លួន។ ទន្ទឹមនឹងនោះ ពេលអនុវត្តការងារត្រូវប្រើបេះដូង និងឆន្ទៈបរិសុទ្ធ ដើម្បីបំរើប្រជាពលរដ្ឋ ក៏ដូចជាបំពេញការងារក្នុងអង្គភាពឱ្យទទួលបានជោគជ័យល្អ ដែលនេះគឺជាការតបស្នងសងគុណចំពោះប្រទេសជាតិ ស្របតាមការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំដែលបានប្រគល់ជូន។ ដូច្នេះ ប្រសិនបើយើងទទួលបានតួនាទីភារកិច្ចហើយ យើងត្រូវមានស្មារតីលះបង់ខ្ពស់ និងគិតគូរប្រយោជន៍រួមជាធំ ពុំមែនបានទទួលតួនាទីហើយមិនខ្វល់ ឬចាំតែយកមុខមាត់តាមរយៈលទ្ធផលការងាររបស់មន្ត្រីក្រោមឱវាទនោះទេ ការងារសតិអារម្មណ៍ ពិសេសគឺការសាមគ្គីផ្ទៃក្នុងជាបញ្ហាសំខាន់សម្រាប់ការដឹកនាំដើម្បីទទួលបានជោគជ័យ។
ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញដល់មន្ត្រីរាជការក្នុងខេត្តទាំងអស់ ត្រូវពន្លូតចំណេះដឹង អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងពង្រឹងការបំពេញការងារក្នុងអង្គភាពរបស់ខ្លួនឱ្យមានគុណភាព ដើម្បីទទួលបានការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងបន្តផ្តល់តួនាទីភារកិច្ចក្នុងការបំពេញការងារ ព្រោះការតែងតាំងនៅតែមានបន្តទៅមុខទៀតប្រសិនបើយើងមានសមត្ថភាព។ ពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការខាងលើមានចំនួន ២៨នាក់ ស្រី ១០នាក់ ក្នុងនោះ៖ អនុប្រធានមន្ទីរ ០២នាក់, ប្រធានការិយាល័យ ០៥នាក់ ស្រី ០១នាក់, អនុប្រធានការិយាល័យ ០៨នាក់ ស្រី ០៤នាក់ នាយករងវិទ្យាល័យ ០១នាក់ ប្រុស នាយកសាលាបឋមសិក្សា ១២នាក់ ស្រី ០៥នាក់៕
ប្រភព៖ រដ្ឋបាលខេត្តកំពត









