logo
Header Logo
News Detail
thumbnail
តើ VPN ជាអ្វី? ហើយវាមានដំណើរការយ៉ាងដូចម្តេច?
3K
24-Aug-2024
Technology News
Link

VPN គឺជាអក្សរកាត់ដែលតំណាងឱ្យពាក្យ “Virtual Private Network” ឫ “បណ្តាញឯកជននិម្មិត”។ VPN ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតដោយវាធ្វើការបម្លែងទិន្នន័យនៃការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង និងលាក់អត្តសញ្ញាណអ្នកប្រើប្រាស់ ដើម្បីការពារការតាមដានសកម្មភាពប្រើប្រាស់ និងការលួចទិន្នន័យពីជនទុច្ចរិតនៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្រៅពីនេះ ការប្រើប្រាស់ VPN ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចចូលទៅគេហទំព័រ ឫវេទិកាណាដែលមិនត្រូវបានអនុញ្ញានៅទីតាំងរបស់ពួកគេពីគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។


VPN ធ្វើការលាក់អាសយដ្ឋានអ៊ីនធឺណិតដែលគេហៅថា IP (Internet Protocol) ដោយអនុញ្ញាតឱ្យបណ្តាញរបស់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត (ISP ឫ Internet Service Provider) ធ្វើការបញ្ជូនបន្តទិន្នន័យដែលបានបម្លែងហើយតាមរយៈម៉ាស៊ីនមេពីចម្ងាយ (remote server) ដែលគ្រប់គ្រងដោយក្រុមហ៊ុន VPN។ នេះមានន័យថា ប្រសិនបើអ្នកប្រើប្រាស់អ៊ីនធឺណិតជាមួយ VPN នោះម៉ាស៊ីនមេរបស់ក្រុមហ៊ុន VPN មានតួនាទីក្នុងការដំណើរការទិន្នន័យនៃការប្រើប្រាស់របស់អ្នក ពោលគឺមិនមែនក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណេត (ISP) នោះទេ។ 


ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) និងភាគីទីបីផ្សេងទៀតមិនអាចដឹងពីព័ត៌មាននៃការប្រើប្រាស់របស់អ្នកបាននោះទេ។យ៉ាងណាមិញ ក្រៅពីអាចរក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់អ៊ីនធឺនណិត VPN ក៏មានចំណុចមួយចំនួនដែលអ្នកប្រើប្រាស់គួរយល់ដឹង និងមានការប្រុងប្រយ័ត្នផងដែរ។ តួយ៉ាង VPN ដំណើរការក្នុងល្បឿនអ៊ីនធឺណិតដែលមានល្បឿនកំណត់ និងប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត (Internet Data) ច្រើន ហើយវាត្រូវធ្វើការច្រើនជាងធម្មតា ដោយសារត្រូវឆ្លងកាត់ដំណើរការបម្លែងទិន្នន័យលើម៉ាស៊ីនមេ (server) ច្រើនដំណាក់កាល ដែលត្រូវការពេលយូរ។ 


ក្រៅពីនេះ គេហទំព័រ (website) មួយចំនួនបានបិទមិនឱ្យប្រើប្រាស់ VPN នោះទេ ហើយវាក៏ជារឿងខុសច្បាប់នៅក្នុងប្រទេសមួយចំនួនផងដែរ ដោយសារពេលខ្លះ វាអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវទុច្ចរិតដែលនាំឱ្យមានផលប៉ះពាល់ដល់សង្គម។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់មិនអាចប្រាកដចិត្តទេថា តើក្រុមហ៊ុនគ្រប់គ្រងសេវាកម្ម VPN អាចចូលទៅមើល គ្រប់គ្រង ឫចែកចាយទិន្នន័យនៃការប្រើប្រាស់របស់ខ្លួនដែរឫយ៉ាងណានោះទេ។ សេវាកម្ម VPN ជាច្រើនត្រូវបានបង្កើតឡើងដើម្បីប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ជាពិសេសសេវាកម្មដែលផ្តល់ជូនដោយឥតគិតថ្លៃ (Free)។ ទិន្នន័យទាំងនោះ អាចនឹងត្រូវបានលក់ ឫចែកចាយទៅកាន់ភាគីដទៃ ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងនានា ទាំងស្របច្បាប់ និងមិនស្របច្បាប់។ 


ជារួម VPN ផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អ្នកប្រើប្រាស់ ដោយវាតម្រូវឲ្យមានការស្វែងយល់ពីឲ្យបានច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តប្រើប្រាស់ ដើម្បីការពារសុវត្ថិភាព និងឯកជនភាពនៅលើបណ្តាញអ៊ីនធឺណិត៕

thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior