

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា ការបង្ក្រាបគ្រឿងញៀន ត្រូវចាត់ទុកជាការងារអាទិភាពខ្ពស់បំផុត ដោយត្រូវលុបបំបាត់ទាំងការប្រើប្រាស់ និងការចែកចាយនៅក្នុងមូលដ្ឋានភូមិ-ឃុំ។
ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពង្រឹងតួនាទីភារកិច្ច និងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឈានទៅធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរដ្ឋបាលស្រុកតាលោសែនជ័យ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានជាច្រើនរូប។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ស្រុកតាលោសែនជ័យ កំពុងមានការលិចឡើងករណីល្បែងស៊ីសង និងគ្រឿងញៀន ដែលជាសញ្ញាព្រមានកម្រិតខ្ពស់ ទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន ត្រូវងើបចេញពីភាពស្ពឹកស្រពន់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។
ឯកឧត្តម ខូយ រីដា បានបន្តថា ត្រូវមានវិធានការក្តៅក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ ដែលបង្កឱ្យមានអសន្តិសុខសង្គម ព្រមទាំងពង្រឹងការអប់រំច្បាប់ចរាចរណ៍ ការត្រួតពិនិត្យគ្រឿងស្រវឹងក្នុងមូលដ្ឋាន និងត្រូវក្តាប់មុខសញ្ញាក្មេងទំនើងឱ្យបានច្បាស់លាស់ ដើម្បីអប់រំ ឬចាត់វិធានការតាមផ្លូវច្បាប់។
ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា ដើម្បីឱ្យស្រុកតាលោសែនជ័យ ក្លាយជាគំរូសម្រាប់ស្រុកដទៃ «គ្មានបទល្មើស គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង» អាជ្ញាធរ និងកងកម្លាំងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យបទល្មើសឱ្យបានត្រឹមត្រូវ បង្កើនល្បឿន និងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល និងពង្រឹងសាមគ្គីភាពក្នុងការសហការរវាងស្ថាប័នពាក់ព័ន្ធ។
នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចុះត្រួតពិនិត្យការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED នៅទីប្រជុំជនផ្សារបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពមូលដ្ឋានឱ្យស្រស់បំព្រងផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់







