

ស្ទឹងត្រែង៖ ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃក្នុងរដូវកាលបុណ្យទានប្រពៃណីជាតិ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី វេរប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន ២៣ ក្នុងក្រុង និងស្រុកទាំង ៦ នៃខេត្តស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង ដែលរួមមានអង្ករសរុបចំនួន ៦ ៩០០ គីឡូក្រាម នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦។
ពិធីប្រគល់ និងទទួលទេយ្យទានដ៏ថ្លៃថ្លានេះ ធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦ នៅវត្ត ស្រះកែវ មុនីវណ្ណ តាមរយៈក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយមានការនិមន្តចូលរួមពីព្រះមេគណទាំង ២ គណៈ ព្រមទាំងមានវត្តមាន ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មន្ត្រីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានផងដែរ។
ការឧបត្ថម្ភនេះ គឺជាកាយវិការស្តែងចេញពីទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងគោលបំណងសម្រួលដល់ចង្ហាន់ និងការសង់បិណ្ឌរបស់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំវស្សា និងប្រកបពិធីបុណ្យភ្ជុំបិណ្ឌ។
ទេយ្យទានទាំងនេះ មិនត្រឹមតែជាការចូលរួមទ្រទ្រង់ផ្នែកជីវភាពសម្ភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្ត និងពង្រឹងស្មារតីសាមគ្គីភាពរវាងពុទ្ធចក្រ និងអាណាចក្រនៅក្នុងសង្គមជាតិទាំងមូលផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង






