ខេត្តក្រចេះ៖ នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវត្តកន្រ្ទីង សង្កាត់អូរឬស្សី ក្រុងក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ ក្រោមអធិបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានជាដើម។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការអង្គវេទិកាទាំងមូលចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិការនេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា បកស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូន អោយបានចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា ។
ពាក់ព័ន្ធទៅនឹងបញ្ហា និងការសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ជំរុញដល់ អង្គភាពស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវស្វែងយល់លើគ្រប់បញ្ហា និងករណីខ្លះត្រូវចុះទៅពិនិត្យជាក់ស្តែង ក្នុងការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ គឺត្រូវធ្វើយ៉ាងណាឱ្យពួកគាត់កាន់តែមាន ជំនឿជឿជាក់ មកលើការដឹកនាំរបស់អាជ្ញាធរ ជាពិសេសមេឃុំ-ចៅសង្កាត់ ហើយក្នុងនោះអាជ្ញាធរខេត្ត នឹងធ្វើការពិនិត្យ និងតាមដានរាល់បញ្ហា ព្រមទាំងរកដំណោះស្រាយ ដើម្បីឈានទៅធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម បន្ថែមថា វេទិការផ្សព្វផ្សាយនេះ និងផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួម ក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយះការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយអោយកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះបានទទួលសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន២៤ករណី ហើយបានដោះអស់ទាំង២៤ករណី នៅនឹងកន្លែង៕
ប្រភព៖ ប្រភពរដ្ឋបាលខេត្តក្រចេះ