logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីដាស់ស្មារតីពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ និងរបៀបពន្លត់អគ្គិភ័យ
412
03-Jun-2025
Sub-nation news
Link

ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ប្រារព្ធធ្វើឡើងនៅនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ទិវានេះធ្វើឡើងដើម្បីពញាក់អារម្មណ៍ ដាស់ស្មារតីដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ របៀបពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង។ យើងត្រូវចងចាំថាអគ្គិភ័យ គឺជាការគ្រោះថ្នាក់ដ៏សាហាវមួយដែលអាច បំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋគ្រប់ពេលបើសិនយើងមានការធ្វេសប្រហែស ឬគ្មានការ ប្រុងប្រយ័ត្នដូចពាក្យចាស់បុរាណបានពោលថា "ស៊ូលិចទូកកុំឱ្យមានភ្លើងឆេះផ្ទះ" ពាក្យនេះចង់គូសបញ្ជាក់ ន័យថាគ្រោះថ្នាក់អគ្គិភ័យជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគ្រោះលិចទូក ដោយហេតុថាវាមិនត្រឹមតែឆេះនូវទ្រព្យសម្បត្តិ ដែលខំរកស៊ី សន្សំទុកពីយូរឆ្នាំមកហើយនោះទេ ថែមទាំងឆក់យកនូវអាយុជីវិតសមាជិកគ្រួសារក្នុងភាពរន្ធត់ និងសោកសង្វេគជាខ្លាំង។


ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដោយស្មោះស្ម័គ្របំផុតចំពោះមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យដែលកន្លងមកនេះបាន ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទោះជាត្រូវប្រឈមនឹងឧបសគ្គ គ្រោះថ្នាក់យ៉ាងណាក៏ដោយ បងប្អូនបាន ពុះពារពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបាននូវការកោតសសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី។


ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់គិតគូរជាប្រចាំ ចំពោះកិច្ចការបង្ការនិងពន្លត់អគ្គិភ័យនិងបានដាក់ចេញនូវវិធានការជាច្រើនទាក់ទងនឹងការអប់រំយល់ដឹងច្បាប់ និងគ្រោះមហន្តរាយដែលបណ្តាលមកពីអគ្គិភ័យ ការពង្រឹងស្ថាប័នមានសមត្ថកិច្ចគ្រប់ផ្នែក និងការបំពាក់ឧបករណ៍មធ្យោបាយសម្ភារពន្លត់អគ្គិភ័យ។ ប៉ុន្តែទោះជាយ៉ាងណានៅក្នុងស្ថានភាពជាក់ស្ដែងករណីអគ្គិភ័យនៅតែកើតឡើងមានជាបន្តបន្ទាប់ដែលចាំបាច់ត្រូវតែមានការគិតគូរបន្ថែមទៀត ដើម្បីដោះស្រាយរកប្រភពដែលនាំបង្កឱ្យមានគ្រោះអគ្គិភ័យកន្លងមកនេះឱ្យមានប្រសិទ្ធភាព ជាពិសេសការបន្តចរន្តអគ្គិសនីមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការធ្វេសប្រហែសក្នុងការប្រើទៀន ធូប និងភ្លើងចង្ក្រាន។


នៅក្នុងឱកាសនៃការប្រារព្ធទិវាជាតិស្តីពីការបង្ការ និងពន្លត់អគ្គិភ័យនាពេលនេះ ឯកឧត្តម សុខ លូ អំពាវនាវ ដល់អ្នកដែលគ្រប់គ្រងសំណង់អគារ បុរី ផ្ទះលំនៅដ្ឋានទាំងអស់ដូចតទៅ ៖

១-សូមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋត្រូវចូលរួមសហការគ្នាបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យដែលយើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចកុំឱ្យកើតមានគ្រោះអគ្គិភ័យ បើមានសភាពការណ៍កើតឡើងត្រូវជួយគ្នាពន្លត់ជាបន្ទាន់ចៀសវាងការរាលដាលកាន់តែធំស្របតាមទិសស្លោកគឺ "យើងរួមគ្នាបង្ការ និងពន្លត់អគ្គិភ័យ"។


២-អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាពចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យនៅមូលដ្ឋាន ជាពិសេសក្នុងការប្រុងប្រយ័ត្នគ្រប់ពេលចំពោះប្រភពដែលអាចនាំបង្កកើតជាអគ្គិភ័យដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ដុតទៀន ធូប ដុតសំរាមក្បែរផ្ទះ ដុតជញ្ជ្រាំងក្នុងស្រែ ដុតព្រៃ ភ្លើងបារី គ្រាប់ផ្ទុះ អុជកាំជ្រួច ស្ថានីយ៍ប្រេង ចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុគីមី និងវត្ថុដែលងាយឆេះ និងងាយផ្ទុះឆេះផ្សេងៗទៀត។ ប្រជាពលរដ្ឋត្រូវស្វែងរកលេខទូរស័ព្ទ សម្រាប់ហៅរកអន្តរាគមន៍ពេលមានគ្រោះអគ្គិភ័យកើតឡើង។

៣-គ្រប់ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងផ្នែកឯកជនត្រូវរៀបចំឱ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច ដោយមានបំពាក់ឧបករណ៍ សម្ភារចាំបាច់មួយចំនួនសម្រាប់បង្ការ និងពន្លត់អគ្គិភ័យដូចជា បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធទឹក ដីខ្សាច់ ញញួរ ត្រសេះ ឧបករណ៍ផ្ដល់សញ្ញា ផ្លាកបង្ហាញច្រកចេញ សម្រាប់រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ។ល។ ទៅតាមស្ថានភាពទីតាំងជាក់ស្ដែងដោយសហការជាមួយនគរបាលបង្ការនិងពន្លត់អគ្គិភ័យដើម្បីណែនាំហ្វឹកហ្វឺនអំពីវិធីពន្លត់អគ្គិភ័យបឋម។


៤-ប្រជាពលរដ្ឋគ្រប់គ្រួសារ និងជនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យដោយត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តតាមបទដ្ឋានបច្ចេកទេសអំពីការប្រើប្រាស់ចរន្តអគ្គិសនី ឧស្ម័ន ចំហេះ និងសារធាតុងាយឆេះ ឬងាយផ្ទុះឆេះគ្រប់ប្រភេទ។ ត្រូវពិនិត្យមើលបណ្តាញតភ្ជាប់ចរន្ត អគ្គិសនីដែលកំពុងប្រើប្រាស់បើក្នុងករណីឃើញមានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវផ្លាស់ប្តូរចេញភ្លាម ត្រូវផ្ដាច់ចរន្តអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទាន ធូប ។ល។ នៅពេលឈប់ប្រើប្រាស់ឬមុនពេលចាកចេញពីលំនៅដ្ឋានឬកន្លែងធ្វើការ។ ត្រូវជៀសវាងការដុតសំរាម ឬវត្ថុផ្សេងៗ នៅក្បែរសា្ថប័ន គ្រឹះស្ថានសាធារណៈ លំនៅដ្ឋាន និងគោលដៅមួយចំនួនដែលស្តុកសារធាតុងាយឆេះ ឬ ងាយផ្ទុះឆេះ។ល។ ហើយអ្នកដុតសំរាម ឬវត្ថុផ្សេងៗទាំងនោះត្រូវតាមដានមើលថែភ្លើងឱ្យបានហ្មត់ចត់ ចប់ចុងចប់ដើមរហូតរលត់ជាស្ថាពរ។


៥- ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងត្រូវធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពខេត្ត អំពីផែនការវិធានការ និងការចាត់តាំងអនុវត្តកិច្ចការសំខាន់ៗដូចជា៖ រៀបចំខ្លឹមសារ រូបភាព និងវិធីសាស្ត្រ សម្រាប់បម្រើឱ្យការអប់រំណែនាំ ដោយផ្សាភ្ជាប់តាមលក្ខណៈជាក់ស្តែងនៃភូមិសាស្ត្រនីមួយៗ និងសកម្មភាពអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព។ រៀបចំចងក្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមស្ម័គ្រចិត្តតាមភូមិសាស្ត្រ និងតាមគោលដៅងាយរងគ្រោះ រៀបចំចាត់តាំងបើកវគ្គណែនាំ ហ្វឹកហាត់ការងារបង្ការ និងពន្លត់អគ្គិភ័យបឋម ព្រមទាំងសិក្សាពីគម្រោងប្លង់គោលភូមិសាស្ត្រតំបន់ដែលងាយរងគ្រោះដើម្បីមានផែនការត្រៀមបង្ការ និងពន្លត់អគ្គិភ័យដូចជាការកំណត់ច្រកចេញ-ចូល ទីតាំងប្រភពទឹក ការបំពាក់ឧបករណ៍ មធ្យោបាយពន្លត់អគ្គិភ័យសាមញ្ញ ពាក់កណ្តាលស្វ័យប្រវត្តិ ឬស្វ័យប្រវត្តិ សំដៅម្ចាស់ការពេលមានហេតុការណ៍កើតឡើង។ ចំពោះអង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៅតាមស្នងការដ្ឋាននគរបាលខេត្ត និង អធិការ ក្រុង-ស្រុក ត្រូវមានកម្លាំងប្រចាំការ ២៤/២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ត និងឧបករណ៍ សម្ភារ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គិភ័យបានទាន់ពេលវេលា។ ជាមួយនោះត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការ ដើម្បីប្រជាពលរដ្ឋបានដឹង និងហៅរកពេលមានគ្រោះអគ្គិភ័យកើតឡើង។


៦-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបង្កើតក្រុមការងារចម្រុះដើម្បីចុះត្រួតពិនិត្យតាមរោងចក្រ សហគ្រាស សិប្បកម្ម គ្រឹះស្ថានសាធារណៈ និងសំណង់ធំៗ ដើម្បីជំរុញឱ្យបំពាក់បានគ្រប់គ្រាន់ នូវប្រព័ន្ធសុវត្ថិភាព បង្ការ និងពន្លត់អគ្គិភ័យដោយវិធានការម៉ឺងម៉ាត់ សំដៅធានាបាននូវភាពម្ចាស់ការ ក្នុងការទប់ស្កាត់ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។


ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រទេសជាដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបានផ្ដល់ជំនួយឧបត្ថម្ភនូវឧបករណ៍ មធ្យោបាយ និងរថយន្តពន្លត់អគ្គិភ័យដល់រដ្ឋបាលខេត្តបាត់ដំបងកន្លងមក និងអំពាវនាវសូមបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តបាត់ដំបង នូវរថយន្តពន្លត់អគ្គិភ័យ ឧបករណ៍ និងមធ្យោបាយចាំបាច់មួយចំនួន ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ និង សហការគ្នាបង្ការពន្លត់អគ្គិភ័យដើម្បីការពារសុខសុវត្ថិភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior