ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រ នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយកម្មវិធី " អេបសុវត្ថិភាពយើង " ( GBV Safe App ) និងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ក្រោមប្រធានបទ " រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រីដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក " ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាច្រើននាក់ទៀតផងដែរ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកជំទាវ កែ សួនសុភី ស សុខា បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់របស់អេបសុវត្ថិភាព ( GBV Safe App ) ដែលអាចជួយបង្កើតនូវការយល់ដឹងដល់ការបង្ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រតាមរយៈការផ្ដល់ព័ត៌មានធ្វើសេចក្តីរាយការណ៍ បញ្ជូនករណីអំពើហិង្សាបានទាន់ពេលវេលា។ លោកជំទាវក៏បានសំណូមពរដល់សមាជិកសមាជិកាទាំងអស់ ប្រើអេបសុវត្ថិភាពយើងឱ្យបានគ្រប់ៗគ្នា និងជួយផ្សព្វផ្សាយបន្តអំពីអេបសុវត្ថិភាពយើង ឱ្យបានដល់គ្រប់បណ្តាអង្គភាពនានា ជាពិសេសគ្រួសារនិងសហគមន៍យើងផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ