

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកភ្នំក្រវាញ ចំនួន ២រូប ដែលពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅបរិវេណសាលាស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងពីគោលការណ៍កែទម្រង់រដ្ឋបាលសាធារណៈ ដោយបញ្ជាក់ថា ការផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងថ្មី នៃស្រុកភ្នំក្រវាញ គឺជារឿងធម្មតាក្នុងការងាររាជការ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាពដឹកនាំនៅតាមមូលដ្ឋាន។
ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះអភិបាលរងស្រុកទាំងពីររូប គឺលោកស្រី ឌុច ស្រីមុំ ដែលត្រូវបានផ្លាស់ប្តូរមកកាន់តំណែងជាអភិបាលរងស្រុកភ្នំក្រវាញ គឺជាមន្ត្រីដែលមានបទពិសោធន៍ការងារយ៉ាងជោគជាំ ធ្លាប់ឆ្លងកាត់តួនាទីជាអភិបាលរងស្រុកក្រគរ និងអភិបាលរងក្រុងពោធិ៍សាត់។ បទពិសោធន៍កន្លងមករបស់លោកស្រី គឺជាដើមទុនដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍស្រុក។ ចំពោះលោក ហង្ស ស៊ីវឌ្ឍនា ដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកភ្នំក្រវាញ គឺជាមន្ត្រីមានសមត្ថភាពខ្ពស់ ដែលធ្លាប់បំពេញភារកិច្ចនៅទីចាត់ការអន្តរវិស័យនៃសាលាខេត្ត។ ការតែងតាំងនេះ គឺជាការផ្តល់ឱកាសឱ្យមន្ត្រីដែលមានសមត្ថភាព បានបញ្ចេញនូវសក្តានុពលក្នុងការងារបម្រើប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍យ៉ាងម៉ឹងម៉ាត់ ដល់អភិបាលរងស្រុកដែលទើបទទួលបានការតែងតាំងថ្មី ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាថ្លៃថ្នូរ រាក់ទាក់ និងស្មោះត្រង់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់សហការជាមួយគណៈអភិបាលស្រុក ដើម្បីចុះពិនិត្យ និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ត្រូវខិតខំផ្តួចផ្តើម និងបំផុសចលនាដាំដើមឈើឱ្យបានគ្រប់ទីកន្លែង ដើម្បីបង្កើនគម្របបៃតង។
ទន្ទឹមនឹងនេះ ត្រូវពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមទីសាធារណៈ និងអនាម័យបរិស្ថាន ដើម្បីឱ្យស្រុករបស់យើងមានការអភិវឌ្ឍឈានឡើង និងមានបរិស្ថានរស់នៅដ៏ស្អាតបាត។
ឯកឧត្តម ខូយ រីដា ក៏បានក្រើនរំលឹកដល់អភិបាលរងស្រុកថ្មី ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជាមួយគណៈអភិបាលស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានរហ័ស ងាយស្រួល និងប្រកបដោយតម្លាភាព ដោយមិនត្រូវបង្កការលំបាកដល់ពលរដ្ឋជាដាច់ខាត។
គួរជម្រាបជូនថា យោងប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ច លោកស្រី ឌុច ស្រីមុំ ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងក្រុងពោធិ៍សាត់ ឱ្យកាន់មុខតំណែងជាអភិបាលរងស្រុកភ្នំក្រវាញ។ និងត្រូវបានតែងតាំង លោក ហង្ស ស៊ីវឌ្ឍនា ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាអភិបាលរងស្រុកភ្នំក្រវាញ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់









