ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីបេីកសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពការផ្លាស់ប្តូរព័ត៌មានទាក់ទងនិងការគ្រប់គ្រងសារធាតុគីមីផ្សំជាមួយម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដោយមានការអញ្ជេីញចូលរួមពី តំណាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងតំណាងសមត្ថកិច្ចអនុវត្តច្បាប់ពីមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការស្រាវជ្រាវបង្រ្កាបបទល្មេីសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងមានការអញ្ជេីញចូលរួមពីម្ចាស់ ឬ អ្នកទទួលខុសត្រូវក្រមហ៊ុន រោងចក្រ សហគ្រាស ក្នុងវិស័យសុខាភិបាល ចំនួន៤៤រូប វិស័យឧស្សាហកម្មចំនួន៦៧រូប វិស័យកសិកម្មចំនួន៧រូប និង វិស័យរ៉ែនិងថាមពលចំនួន៧រូបសរុបប្រមាណ១២៥រូប។
ជាកិច្ចចាប់ផ្តេីមក្នុងនាមអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមផ្ទាល់ សូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជេីញចូលរួមជាអធិបតីក្នុង ពិធីបេីកសិក្ខាសាលា ស្តីពីការពង្រឹងប្រសិទ្ធភាពការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមីផ្សំ ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស នាឱកាសនេះ និងសូមធ្វេីការគត់សម្គាល់ខ្ពស់ចំពោះវត្តមានលោក លោកស្រី តំណាងក្រសួងស្ថាប័នជំនាញ អង្គភាពសមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ ឬ អ្នកទទួលខុសត្រូវក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជេីញចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ និងសូមថ្លែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់ផងដែរចំពោះការផ្តល់កិច្ចសហការយ៉ាងល្អរបស់ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ។ ការរួមចំណែកលេីកកម្ពស់សមត្ថភាព ចំណេះដឹងជំនាញ និងការផ្លាស់ប្តូរព័ត៌មានជូនគ្នាទៅវិញទៅមករវាងភាគីពាក់ព័ន្ធ គឺជាការលេីកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាចំពោះមុខប្រកបដោយប្រសិទ្ធភាពខ្ពស់។
យ៉ាងណាវិញ សិក្ខាសាលារបស់យេីងនាថ្ងៃនេះ ក៏ជាការឆ្លេីយតបមួយចាំបាច់សម្រាប់ការជំរុញកិច្ចសហការចូលរួមអនុវត្តនូវវិធានការ និងយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងត្រួតពិនិត្យរាល់ការនាំចូលនាំចេញ ការដឹកជញ្ជូន ការចែកចាយ ការប្រេីប្រាស់ និងការរក្សាទុកសារធាតុញៀននិងសារធាតុគីមីផ្សំ ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតសម្រាប់យកមកបម្រេីអាជីវកម្មស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តម បានលេីកឡេីងដោយសង្ខេបអំពីសភាពការណ៍គ្រឿងញៀន ជូនដល់អង្គពិធីជ្រាបថា ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបង្រ្កាបបានបទល្មេីសគ្រឿងញៀនសរុប ៨ ០៦៣ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន២០ ០០២នាក់ រឹបអូសគ្រឿងញៀន ចំនួន២តោន ៩៨៨គ.ក្រ សារធាតុគីមីផ្សំចំនួន១តោន ៤៦៩គ.ក្រ និង ៩ខែឆ្នាំ២០២៤នេះ បង្ក្រាបបាន៨ ១៥០ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន២០ ៤១៧នាក់ រឹបអូសគ្រឿងញៀនបាន ចំនួន៦តោន ៣៩៤គ.ក្រ និងសារធាតុគីមីផ្សំចំនួន២៦៩គ.ក្រ ។ ជាមួយនឹងលទ្ធផលនេះប្រទេសកម្ពុជាបាននិងកំពុងបន្តលេីកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមគ្រប់រូបភាព ទាំងយន្តការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន យន្តការគ្រប់គ្រងត្រួតពិនិត្យសរធាតុញៀននិងសារធាតុគីមីផ្សំ យន្តការព្យាបាល ស្តារនីតិសម្បទា និងយន្តការអនុវត្តច្បាប់ ពិសេស ការកៀរគរគ្រប់សមាសធាតុសង្គមឱ្យចូលរួមក្នុងសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងនោះដែរ យន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏បាននិងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី ពហុភាគី ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក ពិសេស ប្រទេសជាប់ព្រំដែន។ ទន្ទឹមនឹងលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងនេះក្តី ការទប់ស្កាត់និងបង្រ្កាបការចរាចរ ការជួញដូរ ការផលិត និងការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់នៅតែជាកង្វល់ និងជាបញ្ហាស្មុគស្មាញសម្រាប់យេីងទាំងអស់គ្នា ពិសេស ការលួចបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់ យកទៅផលិតគ្រឿងញៀនខុសច្បាប់។
ក្នុងនាមអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ឯកឧត្តមបានស្នេីដល់មន្ត្រីអនុវត្តច្បាប់ ក៏ដូចជាអង្គសិក្ខាសាលាទាំងមូល ពិសេស តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ដែលបានអញ្ជេីញមកក្នុងថ្ងៃនេះ មេត្តាទទួល និងចែករំលែកអំពីចំណេះដឹង បទពិសោធន៍ ព័ត៌មាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រេីប្រាស់សារធាតុញៀននិងសារធាតុគីមី។ ទន្ទឹមនឹងនេះ ក៏សូមតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស បង្កេីនការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដែលក្រសួង ស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល បានដាក់ចេញ និងសូមសហការចូលរួមគ្រប់វិធានការ និងយន្តការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដេីម្បីរួមគ្នាបង្ការទប់ស្កាត់ពីការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅផលិតគ្រឿងញៀនសំយោគខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ជាថ្មីម្តងទៀត និងទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជូនពរដល់លោក លោកស្រី អង្គពិធីទាំងមូលមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានភាពរីករាយមានសុខសុវត្ថិភាពគ្រប់ៗគ្នាក្នុងការធ្វេីដំណេីរក្នុងឱកាសចូលឆ្នាំសកល ២០២៥ ខាងមុខនេះ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ