

បាត់ដំបង៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការកៀរគរកមូលនិធិក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ"បន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌" ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួមពីពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង១៤ សរុប៧២នាក់ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្តប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារទាំងអស់ដើម្បីសម្រេចបានជោគជ័យដូចការរំពឹងទុក។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានស្នើដល់មន្ទីរអង្គភាព អនុសាខាក្រុង- ស្រុកទាំអស់និងមន្ត្រីប្រតិបត្តិសាខាត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមដោះស្រាយនូវ បញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្នុង ភូមិសាស្ត្ររបស់ខេត្ត ហើយចូលរួមអនុវត្តតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការយោបាយឡើយ។
ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនបន្ថែមថា ដើម្បីឆ្ពោះទៅការកៀរគរកមូលនិធិសម្រាប់ទិវា៨ឧសភា ២០២៦ ឱ្យទទួលបានជោគជ័យសាខាខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថា សប្បុរសជននឹង ចូលរួម ឧបត្ថម្ភគាំទ្រ ជាថវិកាសម្ភារ ដើម្បីសាខាសម្រេចបានចក្ខុវិស័យនិងបេសកកម្ម របស់កាកបាទក្រហមកម្ពុជា ក្នុងការកៀរគរ កម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត តាមរយៈ វិស័យស្នូលទាំង៤ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង










